(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងក្នុងគោលបំណងផ្តល់នូវជម្រើសដែលមានភាពបត់បែនកាន់តែងាយស្រួល សម្រាប់សិស្ស-និស្សិត យុវជន និងប្រជាពលរដ្ឋដែលមានបំណងចង់ស្វែងរកឱកាសការងារ ឬចង់ផ្លាស់ប្តូរការងារដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតនោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តរក្សាតុល្យភាពនៃដំណើរការទីផ្សារការងារ ជាពិសេសជួយជ្រោមជ្រែងដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម ព្រមទាំងបើកវេទិកាទូលាយ ក្នុងការទទួលបានឱកាសការងារកាន់តែងាយស្រួលដល់អ្នកស្វែងរកការងារ ដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយគ្រាន់តែអ្នកស្វែងរកការងារ ធ្វើការដាក់ពាក្យ និងអាចធ្វើការសម្ភាសការងារផ្ទាល់បាន តាមរយៈប្រព័ន្ធវីដេអូ នៅលើគេហទំព័រ www.careerfair.nea.gov.kh ដែលក្រុមការងារបានរៀបចំជូន សំដៅកាត់បន្ថយហានិភ័យនៃការរាលដាលនៃជំងឺកូវីដ-១៩ និងការចូលអនុវត្តម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ។

គួរជម្រាបជូនដែរថា តាមរយៈកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ (National Career and Productivity Fair 2021-Online) ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដោយមានក្រុមហ៊ុនចំនួន៤០ នឹងផ្តល់ជូននូវមុខតំណែងជាច្រើនកន្លែងសម្រាប់អ្នកកំពុងស្វែងរកការងារ ព្រមទាំងបានជួបជាមួយវាគ្មិនល្បីៗថែមទៀត។

ទន្ទឹមនេះដែរ ក្រុមហ៊ុនចំនួន៤ធំៗ ត្រូវបានផ្តល់ការជួយឧបត្ថម្ភនៅក្នុងពិព័រណ៍នេះ ក្នុងនោះមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB), ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(Coca Cola), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក និងធនាគារ សហពាណិជ្ជ ក.អ (UCB)។

បើសិនជាលោកអ្នកមានបំណងចូលរួមតាំងបង្ហាញ ឬឧបត្ថម្ភ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣/០១៧ ៨៧១ ៨០៧/០៩៦ ២១៥៥ ១៦២៕