(ភ្នំពេញ)៖ ក្រសួងការពារជាតិ ធ្លាប់បានជូនដំណឹងស្តីពី ការកំណត់ទីតាំងចែកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅក្នុងមូលដ្ឋានចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់ទៀត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប៉ុន្តែពួកគាត់មិនទាន់បានទៅទទួលយកបណ្ណចាក់វ៉ាក់សាំងនៅឡើយទេ។

ជុំវិញបញ្ហានេះទាំងសាលារាជធានីភ្នំពេញ និងអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំង ក្រសួងការពារជាតិ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅទទួលយកបណ្ណ ចាក់វ៉ាក់សាំងនោះ សូមអញ្ជើញទៅទទួលយកនៅតាមទីតាំងក្នុងមូលដ្ឋានខណ្ឌចំនួន៦ ដូចដែលក្រសួងការពារជាតិបានជូនដំណឹងនោះ។

កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ សំដៅបង្កើតឱ្យបាន «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់ នឹងជំងឺរាតត្បាតសកលកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងថ្មី ឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា

រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារតែមានសេចក្តីជូនដំណឹងខាងលើនេះ ដូច្នេះបងប្អូនដែលមិនទាន់ទៅទទួលយកបណ្ណចាក់វ៉ាក់សាំងនោះ អាចមានបញ្ហានៅពេលធ្វើដំណើរទៅកាន់ទីតាំងខាងលើ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ដែលបង្ហាញទីតាំង និងលេខទំនាក់ទំនងសម្រាប់ការទទួលយកបណ្ណចាក់វ៉ាក់សាំង៖