(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងមន្ត្រីប្រមាណ៥០រូប ដើម្បីសម្របសម្រួលក្នុង ការបើកប្រាក់ឧបត្ថម្ភជូនកីឡាករ-កីឡាការិនី គ្រូបង្វឹក គណៈកម្មការកីឡាទាំងអស់ដែលមានឈ្មោះក្នុង បញ្ជីសរុបចំនួន ៣៤០០រូប នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានមន្ត្រីទទួលបន្ទុកបើកប្រាក់០១រូប ក្នុងឡានដឹកកីឡាករ-កីឡាការិនី ទាំងពីរលើក។

ដោយឡែកចាប់ពីម៉ោង ០៩៖៣០នាទី ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ មន្ត្រីទទួលបន្ទុកករណីនេះ បានប្រគល់ថវិកាជូនទៅកាន់សហព័ន្ធកីឡានីមួយៗ សម្រាប់បើកជូនដល់កីឡាករ-កីឡាការិនី ទាំងអស់ដែលមាន ឈ្មោះក្នុងបញ្ជី ហើយមិនទាន់បានបើកកាលពីថ្ងៃម្សិលមិញ។

សូមបញ្ជាក់ផងដែរថា ក្រសួងនឹងបើកប្រាក់ឧបត្ថម្ភជូនដល់ កីឡាករ-កីឡាការិនី គ្រូបង្វឹក អ្នកអាជ្ញាកណ្ដាល ដែលមានក្នុងបញ្ជីសរុបចំនួន ៣៤០០រូបតែប៉ុណ្ណោះ ។ ដូចនេះកីឡាករ-កីឡាការិនី គ្រូបង្វឹក ដែលមានឈ្មោះក្នុងបញ្ជី ហើយមិនទាន់បានបើកប្រាក់ឧបត្ថម្ភ សូមទំនាក់ទំនងទៅ កាន់សហព័ន្ធកីឡារបស់ខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ៗ ១០ម៉ឹនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាល និងពិសារភោជនាហារពេលល្ងាច ជាមួយក្រុមកីឡាករ-កីឡាការិនី កាលពីថ្ងៃទី០៤ ខែមេសា ដើមសប្តាហ៍នេះ នៅកោះពេជ្រ៕