(ស៊ែប៊ី)៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រំលឹកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូងរបស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ ដែលរៀបចំឡើងនៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ីពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនេះ លោក អ៊ុច បូររិទ្ធ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍មួយ ទៅកាន់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ ដោយរំលឹកឡើងវិញអំពីគោលបំណងនៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ និងការចូលរួមរបស់កម្ពុជា កាលពី៦០ឆ្នាំមុន ក្នុងការប្រឆាំងនឹងការបែកបាក់ នៃការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជាដែលកើតចេញពីសង្គ្រាមត្រជាក់។

លោករដ្ឋមន្រ្តីប្រតិភូ បានកត់សម្គាល់ថា ប្រទេសសមាជិកទាំងអស់ បានឈរយ៉ាងរឹងមាំរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដោយខុសច្បាប់ ជាឯកតោភាគី ក្រៅប្រព័ន្ធតុលាការ និងការដាក់ទណ្ឌកម្មក្រៅប្រព័ន្ឋសមត្ថកិច្ចរបស់ខ្លួន។

លោកបានបន្ថែមថា ជាអកុសល បញ្ហាប្រឈមដែលយើងបានជួបប្រទះកាលពី៦០ឆ្នាំមុន នៅតែបន្តទាក់ទិនមកដល់បច្ចុប្បន្ន ដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចកំពុងឡើងកំដៅ ហើយការបែកខ្ញែកសណ្តាប់ធ្នាប់ពិភពលោកកំពុងក្លាយជាការពិត។ ការបែងចែកជាតិសាសន៍ និងការបង្កើតសម្ព័ន្ធមិត្តចេញមកពីរបៀបវារៈភូមិសាស្ត្រនយោបាយ បានធ្វើឱ្យមានសង្គ្រាមបច្ចេកវិទ្យា ពាណិជ្ជកម្ម និងវិស័យលំហសាយប័រ (Cyberspace) និងបានធ្វើឱ្យមានការរើសអើងវ៉ាក់សាំង ដែលបានរឹតត្បិតដល់ការចល័តប្រជាជន ទោះបីវ៉ាក់សាំងអស់ទាំងនោះត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។

ក្នុងសេចក្តីថ្លែងការណ៍នេះ កម្ពុជាបានជំរុញឱ្យ ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវតែមានការប្តេជ្ញាចិត្តក្នុងការបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ ដែលប្រឆាំងនឹងគោលការណ៍ និងគោលបំណងរបស់ចលនាមិនចូលបក្សសម្ព័ន្ឋ ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កម្ពុជាក៏បានជំរុញឱ្យប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ រួមទាំងកម្ពុជាផងដែរ ត្រូវតែប្រកាន់ជំហរគាំទ្រពហុភាគីនិយម នៅពេលដែលយើងទាំងអស់គ្នាកំពុងខិតខំស្វែងរកដំណោះស្រាយបញ្ហាប្រឈមរួម ព្រោះយើងបានដឹងហើយថា ពុំមានប្រទេសណាមួយ អាចដោះស្រាយបញ្ហាទាំងនេះតែឯកឯងបានទេ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន៖