(ភ្នំពេញ)៖ អគារមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលថ្មី បានបើកសម្ពោធហើយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមជំនួយឧបត្ថម្ភ ពីកម្មវិធីទ្រទ្រង់វិស័យសុខាភិបាលជំហានទីពីរ ដែលចំណាយថវិកាសរុបប្រមាណ ៤,១០៥,៤៦៨.៣៦ដុល្លារ ក្រោមអធិបតីភាព លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ។

លោករដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងថា អគារមន្ទីរពិសោធ៍ថ្មីនេះ បានឆ្លើយតបទៅនឹងនិយាមអន្ដរជាតិ របស់មន្ទីរពិសោធន៍ត្រួត ពិនិត្យគុណភាពឱសថ និងអនាម័យចំណីអាហារ ដោយបានបំពាក់នូវឧបករណ៍មានគុណភាពខ្ពស់ ដែលចូលរួមចំណែកដ៏សំខាន់ក្នុងការស្រាវជ្រាវ បណ្តុះបណ្ដាលនិស្សិត គ្រូពេទ្យ ឱសថការី អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូចជាការពារបាននូវគុណភាពឱសថ ចំណីអាហារ និងគុណភាពផលិតសុខាភិបាលផ្សេង ដែលត្រូវចុះបញ្ជីកាជាមួយក្រសួងសុខាភិបាល និងកំពុងចរាចរលក់នៅលើទីផ្សារនៃកម្ពុជា។

លោករដ្ឋមន្ដ្រីបន្ដថា «ពិសេសអគារមជ្ឈមណ្ឌលជាតិពិសោធន៍នេះ នឹងបានចូលរួមកាត់បន្ថយហានិភ័យ បានយ៉ាងច្រើនទៅលើការត្រួតពិនិត្យលើឱសថគ្រប់ប្រភេទ ជាមួយនឹងឧបករណ៍ទំនើប វេជ្ជបណ្ឌិតជំនាញៗហើយក៏សម្រាប់បណ្ដុះបណ្ដាលមន្ដ្រី បុគ្គលិកបន្ថែម ដើម្បីធ្វើឲ្យកន្លែងនេះ ជាកន្លែងមួយដែលផ្ដល់សេវាមួយប្រកបដោយប្រសិទ្ធិភាពខ្ពស់»។

ទន្ទឹមនោះលោក ទេព កីឡា នាយកមជ្ឈមណ្ឌលជាតិពិសោធណ៍សុខាភិបាល បានថ្លែងផងដែរថា «អគារថ្មីនេះ មានផ្ទៃដីសរុប ២,៣២២.៥០ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារនេះ បានបំពាក់នូវឧបករណ៍ទំនើបៗជាច្រើនគ្រឿង ជាទុនដ៏សំខាន់ដើម្បីផ្ដល់លទ្ធភាពដល់ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលពិសោធន៍សុខាភិបាលទាំងអស់ ខិតខំប្រឹងប្រែងបំរើការងារឲ្យសាកសមនឹងការទុកចិត្ដ របស់ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត»

ព្រមជាមួយគ្នានោះ ភារធារីនៃស្ថានឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជាលោក Simon Fellows បានលើកឡើងថា តាំងពីឆ្នាំ២០០៩មក HSSP2 Pooled Fund បានចូលរួមយ៉ាងសកម្មក្នុងការទ្រទ្រង់ឧបត្ថម្ភស្ទើរគ្រប់ផ្នែកទៅលើវិស័យសុខាភិបាល ហើយយើងនឹងបន្ដឧបត្ថម្ភបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋកម្ពុជា៕

Advertising