(កំពង់ឆ្នាំង)៖ អាជ្ញាធរស្រុករលាប្អៀរ និងអាជ្ញាធរក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានយកប្រាក់ទៅប្រគល់ជូនក្រុមគ្រួសារ ដែលមានសមាជិកស្លាប់ដោយសារកូវីដ១៩ ចំនួនពីរគ្រួសារ ត្រូវបានព្លុកទារថ្លៃបូជា ក្នុងមួយសពមួយលានរៀល នៅឈាបនដ្ឋានបូជាសពស្លាប់ដោយកូវីដ១៩ ស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រុមគ្រួសារសពទាំងពីរគ្រួសារខាងលើនេះ មួយគ្រួសារស្ថិតនៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ។ មានសមាជិកគ្រួសារម្នាក់ឈ្មោះ លោកតា ជួង ជុត អាយុជាង៨០ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លាន រៀលពីរដ្ឋបាលស្រុករលាប្អៀរ។

ចំណែកគ្រួសារសពទី២មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានសមាជិកគ្រួសារម្នាក់ឈ្មោះ ឡាច ឡូ អាយុ៤២ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ១៩ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានទទួលប្រាក់ឧបត្ថម្ភពីសាលាក្រុងកំពង់ឆ្នាំងចំនួន១លានរៀលផងដែរ។

លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានញ្ជាក់ប្រាប់ឲ្យដឹងថា លោកបាននាំយកថវិកាទៅប្រគល់ជូនគ្រួសាររងគ្រោះ ដែលមានសមាជិកគ្រួសារស្លាប់ដោយសារកូវីដ១៩ នៅភូមិប្រកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយត្រូវបានព្លុកទាថ្លៃបូជាសពចំនួន១លានរៀលនោះ ឥឡូវនេះខាងរដ្ឋបាលស្រុក បានយកប្រាក់ចំនួន១លានរៀលមកសងដល់គ្រួសារសពជំនួសព្លុកវិញ។

ខណៈនោះដែរ គ្រួសារសពទាំងពីរគ្រួសារបានថ្លែងអំណរគុណអាជ្ញាធរខេត្ត ស្រុក ក្រុង និងក្រុមការងារដែលបានស្វះស្វែង គិតគូពីទុក្ខលំបាករបស់ពួកគាត់ដែលបាត់បង់សមាជិកគ្រួសារ ដោយសារជំងឺកូវីដ-១៩ ហើយបានយកថវិកា មកប្រគល់ឲ្យពួកគាត់វិញក្នុងមួយគ្រួសារ១លានរៀលនេះ។ ពួកគាត់ត្រេកអរឥតឧបមា និងសូមប្រសិទ្ធិពរជ័យដល់អាជ្ញាធរ និងក្រុមការងារជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចបានគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ១០៨នាក់។ ចំពោះគោលការណ៍របស់អភិបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ពុំដែលចេញគោលការណ៍អនុញ្ញាតឲ្យយកថវិកាពីក្រុមគ្រួសារសពដែលស្លាប់ដោយសារកូវីដ១៩នោះឡើយ។ នេះបើតាមបញ្ជាក់របស់លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។

ដោយឡែកលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា ការបូជាសពអ្នកកើតកូវីដ១៩ មិនមានការយកប្រាក់នោះទេ ហើយការបូជាសព អ្នកកើតកូវីដ១៩ នេះទៀតសោត មានអនុគណៈកម្មការត្រឹមត្រូវ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ការយកប្រាក់បូជាសពអ្នកកើតកូវីដ១៩ មិនត្រឹមត្រូវទេណា។ មិនមានការយកប្រាក់នោះឡើយ ហើយការគ្រប់គ្រងសពមានអនុគណ:កម្មការមួយ និងមានក្រុមការងារ ព្រមទាំងអ្នកដឹកនាំដោយឡែក។ ប្រសិនបើមានការទាមទារប្រាក់ទើបដឹកនោះ សុំទាក់ទងទៅអនុគណៈកម្មការនេះតាមលេខ 012 212 170»