(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរកិច្ច និងតែងតាំងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៦ ខែមេសានេះ លោក ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្ត្រីសធារណការ និងដឹកជញ្ជូន ដែលត្រូវបានផ្លាស់ចេញ ទៅបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះ បានផ្តាំផ្ញើដល់មន្ត្រីសាធារណការ ដែលកំពុងបម្រើសេវាសាធារណៈទាំងអស់ ឲ្យបន្តពង្រឹងការផ្តល់សេវា ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោក ត្រាំ អ៉ីវតឹក បានលើកឡើងថា រយៈពេលជាង៧ឆ្នាំ​ ដែលលោកមានភ័ព្វសំណាង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ឲ្យទទួលការងារជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ហើយសម្តេចតេជោ តែងបានដាស់តឿន ក្រើនរំលឹកជាប់ជាប្រចាំ និងបានតម្រូវឲ្យគ្រប់ក្រសួងស្ថានប័ន អនុវត្តការកែទម្រង់ស៊ីជំរៅ ដោយជំរុញឲ្យមន្ត្រីបំពេញ ការងារផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ធ្វើយ៉ាងណា «ធ្វើឲ្យបាន ធ្វើឲ្យរហ័ស និងធ្វើឲ្យមានតម្លាភាព»។

សូមជម្រាបថា ពិធីប្រកាសផ្ទេរភាកិច្ច និងតែងតាំងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ រៀបចំឡើងនៅរសៀលថ្ងៃទី៦ ខែមេសានេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន៕