(ភ្នំពេញ)៖ ដូចការគ្រោងទុក លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសថៃ ហើយធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង១២៖៣០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦នេះ ដោយមានការចូលរួម និងទទួលស្វាគមន៍ពីសមាជិក សមាជិក និងប្រជាពលរដ្ឋប្រហែលជា៤០នាក់។

ករណីលោក កឹម ​សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លួចបង្ហើបប្រាប់អង្គភាព Fresh News កាលពីពេលថ្មីៗនេះថា លោក កឹម សុខា ជាមួយនឹងកូនស្រីបានចាកចេញពីប្រទេសកម្ពុជា ទៅកោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ដោយស្ងាត់ស្ងៀម និងអាថ៌កំបាំង។

ក្រុមអ្នកវិភាគបានលើកឡើងថា ការចាកចេញពីរបស់លោក កឹម សុខា នេះ ត្រូវបានគេដឹងថា លោកបានព្យាយាមគេចវេសពី ការចូលប្រជុំសភា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ និងជាពិសេសគឺគេចវេសពីការតាមសាកសួរអំពី រឿងអាស្រូវផ្លូវភេទរបស់លោក ពីសំណាក់ក្រុមអ្នកកាសែត និងក្រុមនិស្សិត។

លោក កឹម សុខា ខណៈ បាននឹងកំពុងទទួលរងនូវរឿងអាស្រូវផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ជាមួយស្រីស្នេហ៍ច្រើននាក់ ព្រមទាំងបានយកលុយពីអ្នកគាំទ្រ របស់ខ្លួននៅក្រៅប្រទេស មកចាយវាយ និងឲ្យស្រីស្នេហ៍ទិញដី ផ្ទះ ឡាន នេះបើយោងតាមបណ្តាញសង្គម Facebook បង្ហោះបង្ហាញជាបន្តបន្ទាប់ ដែលនៅពេលនេះរហូតដល់វគ្គទី៤១ហើយ៕