(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រចំនួន ៧៤ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។

ក្រសួងបានបង្ហាញពីរបៀបដើម្បីបើក ប្រាក់ឧបត្ថម្ភនេះបានដូចជា ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន ១៦០ ០០០ (ដប់ប្រាំមួយម៉ឺន) រៀល តែមួយលើកគត់ ស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

ក្រសួងសូមបញ្ជាក់ដែលថា ចំពោះកម្មករនិយោជិតដែលខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ និងមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ប្រសិនបើក្នុងករណីបងប្អូនកម្មករ និយោជិត ដែលបម្រើការងារនៅរោងចក្រ ចំនួន ៧៤នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារឯកទេសវីង ឬមានចម្ងល់ផ្សេងៗ នោះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែម តាមរយៈក្រុមតេឡេក្រាម https://t.me/KhmerWorkerChat ឬទូរស័ព្ទលេខ ១២៩៧។

ក្រសួងនឹងបន្តជូនដំណឹងដល់កម្មករនិយោជិត រោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដទៃទៀតអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕