(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ផ្លូវជនបទដែលរងផលប៉ះពាល់ដោយទឹកជំនន់ឆ្នាំ២០២១នេះ មានចំនួន៤៨ខ្សែ ប្រវែង៤៣៧,០០០ម៉ែត្រ ដែលប្រតិភូចុះពិនិត្យនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ប្រតិភូដឹកនាំដោយ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋានគ្រោះមហន្តរាយ និងលោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងអនុប្រធានលេខាធិការដ្ឋានបានដឹកនាំក្រុមការងារ ចុះមកពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងខេត្តបន្ទាយមានជ័យ នៅស្រុកភ្នំស្រុក ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះដែរ លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា ខេត្តបន្ទាយមានជ័យមាន៩ស្រុក/ក្រុង ហើយមាន៦ស្រុក/ក្រុងដែករងគ្រោះទឹកជំនន់និងមាន២ស្រុក ក្រុង រងគ្រោះធ្ងន់ធ្ងរមានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់ឆ្នាំ២០២១ មានចំនួន៤៨ខ្សែ មានប្រវែង៤៣៧,០០០ម៉ែត្រ មានទឹកលិចប្រវែង១១៧,៩៤០ម៉ែត្រ ទឹកហូរច្រុះផ្លូវប្រវែង៦៦,១១០ម៉ែត្រ ទឹកហូរដាច់ផ្លូវមិនអាចធ្វើដំណើរបានប្រវែង១៦ខ្សែប្រវែង១,៩៥០ម៉ែត្រ បាក់សំណង់លូគ្រប់ប្រភេទ៣កន្លែង បើប្រៀបធៀបឆ្នាំ២០២០ ផ្លូវដែលប៉ះពាល់ដោយទឹកជំនន់មានចំនួន៦៨ខ្សែម៉ែត្រ ស្មើប្រវែង៧៦៤,០០០ម៉ែត្រ។

បន្ថែមពីនេះទៀត លោក អ៊ិន ចន្ថា បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រងគ្រោះដោយទឹកជំនន់រយៈពេល២ឆ្នាំជាប់គ្នា ដែលបណ្តាលរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជនបទដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋានគ្រោះមហន្តរាយ បានចុះពិនិត្យមើលស្ថានភាពជាស្តែងនៃការប៉ះពាល់ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់ដូចទឹកហូរច្រុះដាច់ផ្លូវ និងសំណង់លូពិនិត្យជាក់ស្តែងនិងធ្វើរបាយការជូនថ្នាក់ដឹកនាំក្រសួងជំនាញដើម្បីធ្វើការជួសជុលកសាងឡើងវិញ ឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផល៕