(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញប្រកាសបើកកិច្ចប្រជុំរបស់បណ្ដាញសហគមន៍ថវិកា សម្រាប់ការគ្រប់គ្រង ចំណាយសាធារណៈនៅអាស៊ីហៅកាត់ថា PEMNA ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារRaffle Le Royale Phnom Penh។

នៅក្នុងកិច្ចប្រជុំនេះ កម្ពុជានឹងចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចេញ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចាប់តាំងពីឆ្នាំ២០១៤មក ហើយបានប្រកាសដាក់ឲ្យអនុវត្តជំហានទី៣ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ។

លោក វង្សី វិស្សុត បានលើកឡើងថា គោលដៅចម្បង នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ របស់កម្ពុជា គឺការប្រែក្លាយប្រព័ន្ធថវិកាមួយ ដែលផ្អែកលើធាតុចូល និងមជ្ឈការ ទៅរកប្រព័ន្ធថវិកា ដែលផ្អែក លើធាតុចេញ ឬសមិទ្ធកម្ម និងវិមជ្ឍការ។

ប្រព័ន្ធថវិកាថ្មីនេះនឹងធានាបាននូវភាពជឿទុកចិត្តនៃថវិកា, មានគណនេយ្យភាព និងតម្លាភាពផ្នែកហិរញ្ញវត្ថុ អាចសម្រេចបាននូវគោលបំណងគោលនយោបាយ និងមានគណនេយ្យភាពផ្នែកសមិទ្ធកម្មច្បាស់លាស់ ដែលជាប្រព័ន្ធថវិកា ដែលត្រូវបានអនុវត្តជាអន្ដរជាតិ។

លោកបានបញ្ជាក់ថា «ក្នុងទិសដៅនេះ ថវិកាជាតិ នឹងត្រូវបានប្រែក្លាយជាឧបករណ៍គោលនយោបាយ មួយយ៉ាងសំខាន់ ក្នុងការប្រមូលកៀគរធនធានសាធារណៈ និងបែងចែកធនធានទាំងនោះ ត្រឡប់ទៅប្រជាជនវិញ ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យជឿនលឿនខ្ពស់ឡើងជាលំដាប់ ប្រកបដោយសមធម៌ និងតម្លាភាព»

លោកបានគូសបញ្ជាក់បន្ថែមថា កិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកិច្ចការដ៏លំបាក ដែលទាមទារនូវការបេ្តជ្ញាចិត្តខ្ពស់ ហើយកិច្ចការនេះ ត្រូវចាយពេលវេលាយូរទើបអាចឃើញលទ្ធផល។ ប៉ុន្តែទោះបីយ៉ាងនេះក្តី កម្ពុជាបានជំនះ និងខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានជោគជ័យនៅ ក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ ក្នុងនោះបានដោះស្រាយនូវបំណុល និងកង្វះសាច់ ប្រាក់រ៉ាំរ៉ៃ ព្រមទាំងកសាងបាននូវមូលដ្ឋានគ្រឹះ នៃគណនេយ្យភាពផ្នែកហិរញ្ញវត្ថុ។

សម្រាប់ដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ បានក្លាយជាមហិច្ចតាថ្មីមួយទៀត ដើម្បីជំរុញការរៀបចំ និងការអនុវត្តថវិកា ឬនិយាយម៉្យាងទៀតថា ការវិភាជថវិកាឲ្យមានប្រសិទ្ធភាព និងសក្ដិសិទ្ធភាពឆ្ពោះទៅ សម្រេចឲ្យបាននូវគោលនយោបាយជាអាទិភាព។

លោកថ្លែងថា «កន្លងមកយើងបានចំណាយពេលវេលាច្រើនក្នុងពេលចរចាថវិកា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិភាជន៍ថវិកា ឬការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។ ជោគជ័យ នៃការកែទម្រង់ហរិញ្ញវត្ថុសាធារណៈនៅកម្ពុជាកើតចេញពីឆន្ទៈនយោបាយច្បាស់លាស់ឥតងាករេ និងការដាក់ ចេញនូវអភិក្រមកំណែទម្រង់ត្រឹមត្រូវ ពោលគឺធ្វើឡើងតាមមួយដំណាក់កាលម្ដងៗ ជាពិសេសចាប់ ផ្ដើមមុន ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយរុញច្រានជាបណ្ដើរៗ ទៅដល់កាន់ក្រសួង ស្ថាប័ន»

គួរបញ្ជាក់ថា បណ្ដាញ PEMNA ត្រូវបានបង្កើតឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជាក់ស្ដែងក្នុងការអនុវត្តការ កែទម្រង់ហិរញ្ញវត្ថុសាធារណៈវិភាគពីបញ្ហាប្រឈមរួមនិង ជាមូលដ្ឋាននៃការប្រៀបធៀបការ អនុវត្តពីប្រទេស មួយទៅប្រទេសមួយទៀត។ កិច្ចប្រជុំអ្នកប្រតិបត្តិថវិកានៃបណ្ដាញនេះ រៀបចំឡើងរយៈពេលបីថ្ងៃ ដើម្បីចែក រំលែកបទបពិសោធន៍អំពីការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា និង ក្របខណ្ឌចំណាយរយៈពេលមធ្យម នៅប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងប្រទេសសមាជិករបស់ខ្លួន៕