(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាង ទំនុក ចិត្ត នៅអាស៊ី (CICA) លើកទី៦ នៅរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់ លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកិច្ចប្រជុំនឹងត្រូវបានធ្វើឡើង ក្រោមមូលបទ «សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី ក្នុងតថភាព ថ្មី នៃពិភពលោកក្រោយការរីករាលដាលនៃជំងឺរាតត្បាត»។

កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសសម្រាប់អ្នកចូលរួម ទាំងអស់ផ្លាស់ប្តូរយោបល់គ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ CICA ជាពិសេស ការ ស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

តាមការបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងបទអន្តរាគមន៍ លោក ប្រាក់ សុខុន នឹងធ្វើការកោតសរសើរចំពោះដំណើរការ របស់កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។ លោកឧបនាយករដ្ឋមន្រ្តី អាចនឹងលើកឡើងផងដែរអំពីជំងឺកូវីដ-១៩ និងផលប៉ះពាល់មកលើសន្តិភាព និងវិបុលភាពរបស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។ លោកក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដប្រជា ដល់កិច្ចប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថារបស់ លោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំ បញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ CICA ព្រមទាំងនឹងជួយពង្រឹង និង ពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕