(ភ្នំពេញ)៖ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានថ្លែងបដិសេធចំពោះការចោទប្រកាន់ថា លោក និងមន្រ្តីរបស់ខ្លួន បានបណ្តែតបណ្តោយឲ្យមានសំណង់ខុសច្បាប់មួយកន្លែង ស្ថិតនៅលើផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដែលម្ចាស់សំណង់ បានសង់អគាររហូតដល់ចប់ចុងចប់ដើម និងឈានទៅដល់ការបើកហាងលក់បាយទៀតផង។

លោក ឯក ឃុនដឿន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះថា «សំណង់នេះមិនបានរំលោភលើចិញ្ចើមផ្លូវនោះទេ ហើយម្ចាស់សំណង់ ក៏បានសុំច្បាប់ត្រឹមត្រូវដល់អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញផងដែរ»។ លោកអភិបាលខណ្ឌហ៊ានឲ្យមន្រ្តីជំនាញរបស់ក្រសួង ឬស្ថាប័នពាក់ព័ន្ធចុះទៅពិនិត្យជាក់ស្តែងទៀតផង។

ជាមួយគ្នានេះ លោក ឯក ឃុនដឿន បានបង្ហាញការប្តេជ្ញាថា រាល់សំណង់ទាំងឡាយណាដែលខុសច្បាប់ និងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈនោះ លោកនឹងចាត់វិធានការណ៍តាមច្បាប់យ៉ាងម៉ឺងម៉ាត់ ហើយវាយកម្ទេចចោលតែម្តង។ សូមបញ្ជាក់ថា ការចេញមកបដិសេធភ្លាមៗរបស់អភិបាលខណ្ឌទួលគោករួបនេះ បានធ្វើឡើងក្រោយមានប្រជាពលរដ្ឋ ធ្វើការចោទប្រកាន់ថា ថ្នាក់ដឹកនាំសាលាខណ្ឌបានអនុញ្ញាតឲ្យសំណង់រំលោភលើចិញ្ចើមផ្លូវ មិនព្រមចុះទៅវាយកម្ទេចចោលតាំងពីចុងឆ្នាំ ២០១៥ រហូតសង់ចប់ជាស្ថាពរ និងឈានទៅដល់ការបើកហាងទៀតផង។

ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ Fresh News នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ រហូតមកដល់ពេលនេះ សំណង់រំលោភលើចិញ្ចើមផ្លូវ ត្រូវបានម្ចាស់សំណង់ធ្វើរួចហើយ រហូតបើកអាជីវកម្មបើកហាងលក់បាយទៀតផង។

ការបណ្តែតបណ្តោយឲ្យមានការសង់សំណង់មួយនេះ គ្មានច្បាប់តាំងពីដំបូងរហូតដល់ចប់ចុងចប់ដើមនោះ ដោយសារតែមានការរត់ការពីមន្រ្តីសាលាខណ្ឌទួលគោកម្នាក់ជាអភិបាលរង ដែលស្គាល់ជាមួយម្ចាស់សំណង់មួយនេះ។ ក្នុងអំឡុងពេលសាងសង់ប្រជាពលរដ្ឋនៅជិតខាង បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែគ្មានលទ្ធផលនោះទេ នៅតែបណ្តែតបណ្តោយឲ្យសាងសង់រហូតដល់ចប់ជាស្ថាពររហូទមកដល់ពេលនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចេញលិខិតជូនទៅអភិបាលខណ្ឌទួលគោក ឲ្យវាយចេញសំណង់នេះ ត្រូវកែសម្រួលឲ្យបានត្រឹមត្រូវ និងបើសុំច្បាប់បានតែត្រូវអនុញ្ញាតតាមគោលការណ៍។ ប្រជាពលរដ្ឋបានលើកឡើងថា បើទោះជាអភិបាលរាជធានីភ្នំពេញ បានចេញលិខិតនេះ ប្រាប់ទៅអាជ្ញាធរខណ្ឌទួលគោក វាយកម្ទេចចោលក៏ដោយតែអាជ្ញាធរខណ្ឌ មិនបានអនុវត្តនោះឡើយ។

ដោយឡែក នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្រ្តីម្នាក់ រស់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏បានរិះគន់ដល់អាជ្ញាធរផងដែរ ដឹកនាំដោយលោក ប៉ាង លីដា ចុះទៅវាយកម្ទេចកាំជណ្តើរ៣កាំ ដែលអះអាងថា បានសង់រំលោភលើចិញ្ចើមផ្លូវ ខណៈសំណង់ធំៗដែលរំលោភផងដែរនោះ អាជ្ញាធរមិនបានយកចិត្តទុកដាក់នោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រាប់ទៅកាន់ប្រជាពលរដ្ឋសូមឲ្យ បញ្ឈប់ការសង់សំណង់រំលោភលើចិញ្ចើមផ្លូវ ពោលត្រូវនាំគ្នាចូលរួមគោរពច្បាប់ ទាំងអស់គ្នា ហើយម្ចាស់សំណង់ណាដែលសង់រំលោភនោះ អាជ្ញាធរត្រូវវាយកម្ទេចចោលតែម្តង៕

Advertising