(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើសេចក្តីរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីករណីទារប្រាក់ពីក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅពេលយកសពទៅបូជា។ ការធ្វើរបាយការណ៍នេះធ្វើឡើបន្ទាប់ពីមានប្រជាពលរដ្ឋគ្រួសារសពបាន ខមិននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ករណីនេះលោកអភិបាលខេត្តបានបញ្ជាក់ក្នុងរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ថា ក្រោយពីស្រាវជ្រាវបានរកឃើញថា មានការទារប្រាក់ពីគ្រួសារសពពិតប្រាកដមែន ដែលករណីនេះគឺមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង ដែលជាអ្នកសម្របសម្រួលជាមួយអាចារ្យ ព្លុក ហើយអាចារ្យព្លុក ជាអ្នកទារប្រាក់ដោយផ្ទាល់ពីគ្រួសារសព ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការបូជាសព ដោយមិនបានទំនាក់ទំនងទៅរដ្ឋបាលក្រុង ស្រុកឲ្យបានដឹងអំពីការខ្វះខាត ដើម្បីដោះស្រាយតាមការណែនាំរបស់អភិបាលខេត្តដែលបានបញ្ជាក់ថា ករណីមានការបូជាសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្រុមការងារបូជាសព ត្រូវទំនាក់ទំនងទៅរដ្ឋបាលក្រុង ស្រុកដើម្បីដោះស្រាយការខ្វះខាតគឺមិនឲ្យមានការទារប្រាក់ពីគ្រួសារសពនោះទេ។

របាយការណ៍របស់លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះករណីនេះក្រោយពីបានដឹងព័ត៌មានហើយ ក្រុង ស្រុកបានរៀបចំថវិកាចូលបុណ្យជូនគ្រួសារសពវិញ រួចរាល់ហើយ។ ដែលជាគោលការណ៍រដ្ឋបាលខេត្តមិនដែលបានចេញសេចក្តីកំណត់ឲ្យទារប្រាក់ពីគ្រួសារសពនោះទេ គឺមានតែជួយឧបត្ថម្ភបន្ថែមដល់គ្រួសារសពដែលក្រីក្រ ខ្វះលទ្ធភាព ដើម្បីសម្រាលដល់ការលំបាក។ ចំពោះករណីនេះបានកើតឡើងតាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលទើបនឹងមានការលើកឡើងនៅក្នុង បណ្តាញសង្គមនាពេលនេះ។

ខាងក្រោមជាលិខិតរបស់អភិបាលខេត្ត ធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន៖