(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិខ្មែរតែមួយ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីថ្លែងការណ៍ គណបក្សឯកភាពជាតិខ្មែរ បានបង្ហាញនូវការយល់ឃើញថា ក្នុងនាមគណបក្សនយោបាយ និងជាពលរដ្ឋនៃប្រជាជាតិខ្មែរ ដែលត្រូវមានចំណែកក្នុងការការពារ និងទទួលខុសត្រូវ ចំពោះផលប្រយោជន៍ជាតិខ្មែរយ៉ាងពិតប្រាកដ គឺមិនត្រូវលាយឡំផលប្រយោជន៍បុគ្គលនយោបាយ និងផលប្រយោជន៍ជាតិសាសន៍ដទៃឡើយ។

មួយវិញទៀត ដានប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឲ្យពួកយើងយល់ឃើញថា មានតែមេដឹកនាំជាជនជាតិខ្មែរពីកំណើតទេ ដែលតែងតែរស់នៅជាមួយប្រជាពលរដ្ឋខ្មែរ និងការពារប្រជាពលរដ្ឋខ្មែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជារៀងរហូតមក គឺពុំមានសញ្ជាតិដទៃណាស្រឡាញ់ប្រទេស និងស្រលាញ់ពលរដ្ឋខ្មែរជាងខ្មែរឡើយ។

គណបក្សឯកភាពជាតិខ្មែរ សង្កត់ធ្ងន់ថា «បើទោះបីជាការស្នើបង្កើតច្បាប់សញ្ជាតិតែមួយនេះ ស្ថិតក្នុងសភាពប្រទាញប្រទង់ គ្នារវាងអ្នកនយោបាយយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំគណបក្សឯកភាពជាតិខ្មែរ នៅតែគាំទ្រការស្នើបង្កើតច្បាប់ថ្មីនេះ ព្រោះថាច្បាប់នេះនឹងមានផលប្រយោជន៍ដល់ជាតិ និងកសាងទំនុកចិត្តយ៉ាងខ្ពស់ ដល់ពលរដ្ឋខ្មែរទាំងមូលលើអ្នកដឹកនាំកំពូលរបស់រដ្ឋ។ យើងខ្ញុំយល់ឃើញយ៉ាងច្បាស់ថា ច្បាប់ថ្មីនេះមិនបំបិតសិទ្ធិសេរីភាពពលរដ្ឋ មិនបំបិតសិទ្ធិនយោបាយ និង មិនធ្វើអោយប៉ះពាល់ដល់សិទ្ធិមនុស្ស ជាសាកលឡើយ។ តែច្បាប់នេះគ្រាន់តែកំណត់ឲ្យបុគ្គល អ្នកដឹកនាំស្ថាប័នជាតិកំពូលទាំង៤នេះ មានការទទួលខុសត្រូវខ្ពស់ និងលះបង់ខ្ពស់ជាងមន្ត្រីថ្នាក់ជាតិធម្មតាតែប៉ុណ្ណោះ»

សូមអានសេចក្តីថ្លែងការណ៍ របស់គណបក្សឯកភាពជាតិខ្មែរ ដូចខាងក្រោម៖