(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយលើកទី៣ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

គ.ជ.ប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ ការបញ្ជូនទិន្នន័យមក គ.ជ.ប និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត។

នៅក្នុងកិច្ចប្រជុំនោះ លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានបន្តថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ-សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅអាចទៅស្នើសុំចុះឈ្មោះបោះឆ្នោតដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោតបាន។

ចំពោះការបញ្ជូនទិន្នន័យនៃការចុះឈ្មោះបោះឆ្នោត ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូន តាមអ៊ីនធឺណែត មក គ.ជ.ប ជារៀងរាល់ថ្ងៃ ដើម្បី គ.ជ.ប ធ្វើការត្រួតពិនិត្យការងារជាប្រចាំ។

លោក មាន សទិ ក៏បានគូសបញ្ជាក់អំពីលទ្ធផលនៃការចែកលិខិតអញ្ជើញអ្នកចុះ ឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ ចែកបានចំនួន ៧.៩១៦.៧៤៥ ស្មើ ៨៩.៦៤%។ ហើយលិខិតអញ្ជើញនេះ នឹងរក្សាទុកនៅសាលាឃុំ សង្កាត់ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីបន្តចែកជូនអ្នកចុះឈ្មោះបោះឆ្នោតដែលមិនទាន់បានទទួល។

ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានបំភ្លឺទៅនឹងការលើកឡើងរបស់ភាគីពាក់ព័ន្ធ ដែលបានចូលរួមមានដូចតទៅ៖

*ករណីកូវីដ១៩ ជាបញ្ហាប្រឈមក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប មានវិធានការ ការពាររួចហើយ ហើយ គ.ជ.ប សូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានជួយឧបត្ថម្ភសម្ភារការពារជំងឺកូវីដ១៩។

*ការិយាល័យចុះឈ្មោះបោះឆ្នោតបានបង្កើតថែមសម្រាប់ឃុំ-សង្កាត់ដែលទើបបង្កើតថ្មី ចំនួន៦ ដោយផ្អែកលើចំនួនប្រជាពលរដ្ឋ។

*ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្រោយឆ្នាំ២០១៦ ឈ្មោះរបស់គាត់ ប្រាកដជាមានក្នុងបញ្ជីបោះឆ្នោត ដើម្បីឱ្យជាក់ច្បាស់សូមឆែកមើលក្នុងគេហទំព័រ voterlist.nec.gov.kh ឬតាម App-Voterlist KH។ ម៉្យាងទៀតប្រសិនបើគាត់ទទួលបានលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ក៏ប្រាកដថាគាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយដែរ។

*គ.ជ.ប បានផលិតកម្មវិធីផ្សព្វផ្សាយជាច្រើនតាមវិទ្យុ ទូរទស្សន៍ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គម ដើម្បីបំផុសឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត។ ជាពិសេសមានការចូលរួមជួយផ្សព្វផ្សាយដោយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមេភូមិ និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋផងដែរ។

*ក្នុងករណីប្រជាពលរដ្ឋផ្លាស់ប្តូរទីលំនៅ ហើយចង់បោះឆ្នោតនៅក្នុងឃុំ-សង្កាត់ ដែលគាត់កំពុងរស់នៅ គាត់ត្រូវតែបំពេញលក្ខខណ្ឌ ដើម្បីសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ-សង្កាត់នោះ។

មុននឹងបញ្ចប់កិច្ចប្រជុំលោក មាន សទិ បានសំណូមពរដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ អ្នកចុះឈ្មោះបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និង គ.ជ.ប ដែលបានដាក់ចេញឱ្យបានខ្ជាប់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ មានតំណាង ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន មន្រ្តីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាន និងមន្រ្តី គ.ជ.ប សរុបអ្នកចូលរួមមាន ចំនួនប្រមាណ ៧៥នាក់៕