(កំពង់ស្ពឺ)៖ ក្រោយពីបានឈប់សម្រាកអស់ជាច្រើនថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួចមក មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បាននាំគ្នាចូលធ្វើការវិញ ហើយក៏ត្រូវធ្វើតេស្តរហ័ស (Rapid Test) ដើម្បីបញ្ជាក់ថាគ្មានការឆ្លងជំងឺកូវីដ១៩ មុនវិលចូលបម្រើការងារវិញ។

លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «មន្ត្រីនៃមន្ទីររបស់លោកមានបុគ្គលិកចំនួន៩៤នាក់ ដែលត្រូវធ្វើតេស្តរហ័ស ដើម្បីរកវ៉ីរុសកូវីដ១៩។ ការធ្វើតេស្តនេះទៀតសោធ គឺធ្វើឡើងដើម្បីបញ្ជាក់ថាគ្មានមន្ត្រីណាម្នាក់ដែលបានឆ្លង និងផ្ទុកជំងឺកូវីដ១៩ឡើយ មួយវិញទៀត គឺដើម្បីសុវត្ថិភាពការងារផងដែរ»

បើតាមលោក ស៊ូ ស៊ុន្ធរ៉ា បានបញ្ជាក់ថា កន្លងមកមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនចំនួន២នាក់ ក៏បានឆ្លងជំងឺកូវីដ១៩ តែមិនបង្កឱ្យមានឆ្លងរាលដាលដល់មន្ត្រីដទៃ ក្នុងមន្ទីរទេ។ ពួកគេទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យរហូតដល់ជាសះស្បើយ។

សូមបញ្ជាក់ផងដែរ ក្រោយការធ្វើតេស្តលើមន្ត្រីទាំង ៩៤រូបខាងលើនេះ ជាលទ្ធផល គឺមិនមានមន្ត្រីណាម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ នោះទេ៕