(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាជន ដេីម្បីធានាឱ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំមួយពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគបំប្លែងថ្មី Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈសម្រាប់ឈានទៅកាន់ផែនការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ។

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ ដោយសម្តេចពិជ័យសេនា បានលើកឡើងយ៉ាងដូច្នេះថា៖ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាជនធានាឱ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំមួយពិតប្រាកដមួយ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ទល់នឹងការវាយលុកនៃមេរោគបំប្លែងថ្មី Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈសម្រាប់ឈានទៅកាន់ផែនការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មីភាពថ្មី»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា រហូតមកដល់ពេលនេះពុំមានប្រទេសណាមួយ អាចមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ម័គ ចិត្តក្នុងពេលតែមួយដំណាលគ្នាដូចកម្ពុជាបានទេ ដោយសារសមត្ថភាពផលិត សមត្ថភាពចែកចាយ និងការចាក់វ៉ាក់សាំងមានកម្រិតនៅតាមប្រទេសនីមួយៗ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានឆាប់ និងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋទាំងអស់ ដែលស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងនេះ តាមការដាក់ចេញយុទ្ធនាការជាតិចាក់វ៉ាក់សាំងជាបន្តបន្ទាប់នាពេលកន្លងមក។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ពិធីបើកយុទ្ធនាការនាថ្ងៃនេះ ជាការបង្ហាញវត្តមានកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមអនុវត្តយុទ្ធនា ការជាតិចាក់វ៉ាក់សាំងនៅក្នុងជុំទី២ «ដូសជំរុញ» បន្ទាប់ពីក្រុមគ្រូពេទ្យក្រសួងការពារជាតិបានបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងដុំទី១ «ដូសទី១ និងដូសទី២» ជូនយោធិន នគរបាល មន្ត្រី កីឡាករ កីឡាការិនី កម្មករនិយោជិត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដំណើរការប្រកបដោយជោគជ័យតាមការប្រគល់ ភារកិច្ចរបស់រាជរដ្ឋាភិបាល។

ក្នុងស្មារតីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី និងខេត្តនានា ព្រមទាំងយន្តការពាក់ព័ន្ធ បន្តសហការជាមួយក្រុម ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនដោយ ផ្អែកតាមបទពិសោធន៍ការងារនៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជុំទី១ កន្លងមក ត្រូវត្រួតពិនិត្យឱ្យបានម៉ឺង ម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពេលដំណើរការជាក់ស្តែង។

នៅក្នុងឱកាសនេះ សម្តេចក៏បានសូមអំពាវនាវប្រជាពលរដ្ឋ កម្មករនិយោជិត និងវិស័យឯកជន បន្តចូលរួមគាំទ្រ និងសហការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងសូមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ ថ្នាក់ឱ្យបានហ្មត់ចត់អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីបង្កើតឱ្យមាន «ភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយ» ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ ឈានទៅរកប្រក្រតីភាពឡើងវិញតាមគន្លងថ្មី ជីវភាពសង្គម សម្រាប់ឈានឆ្ពោះទៅកាន់ផែនការបើកដំណើរការ ប្រទេសពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញជំនឿជឿជាក់ថា អាស្រ័យដោយមានការចូលរួមដោយសកម្មរបស់ប្រជាជនគ្រប់រូប យើងពិតនឹងយកឈ្នះក្នុងសមរ ភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះក្រសួងការពារជាតិ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួន៣,៥៧៨នាក់ មានចំនួន១៥២ក្រុមពេទ្យ ស្មើនឹង១,០៩១នាក់ និងកម្លាំងបម្រើការងារចំនួន២,៤៨៧នាក់៕