(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពបច្រាំងទន្លេ ដែលបានបាក់ស្រុត ស្ថិតនៅក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ដើម្បីរកវិធានការទប់ស្កាត់កុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

អភិបាលស្រុកកងមាស លោក ភោគ សាវុធ បានឲ្យដឹងថា ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិឃុំដូចខាងលើ បានបាក់ស្រុតប្រវែងប្រមាណជា១០០ម៉ែត្រ ប៉ុន្តែករណីនេះមិនបានធ្វើឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។ ទោះជាយ៉ាងណានោះក្តី ការបាក់ស្រុតច្រាំងទន្លេនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៥គ្រួសារ ក្នុងនោះផ្ទះដែលប្រឈមមាន១គ្រួសារ។

អភិបាលស្រុក បានបញ្ជាក់ថា បន្ទាប់ពីអភិបាលខេត្ត អមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យសិក្សាដោយផ្ទាល់ លោកអភិបាលខេត្ត បានផ្តល់ប្រេង និងណែនាំឲ្យអាជ្ញាធរស្រុក រួមជាមួយមន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការដាក់ម៉ាស៊ីនបូមទឹកភ្លៀងដែលដក់នៅក្បែរផ្ទះប្រជាពលរដ្ឋនោះចេញ។

ដោយឡែក ចំពោះផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលប្រឈមនឹងការបាក់ស្រុតនោះ ត្រូវឃ្លាំចាំមើលស្ថានភាពសិន ពោលប្រសិនបើច្រាំងទន្លេ នៅតែបន្តបាក់ទៀត អាជ្ញាធរស្រុកនឹងធ្វើការជួយរុះរើផ្ទះនោះចេញពីតំបន់គ្រោះថ្នាក់នោះភ្លាម តាមការណែនាំរបស់លោកអភិបាលខេត្ត៕