(រតនគិរី)៖ ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរី បានស្លាប់ក្រោយពីមានបញ្ហាសុខភាពបើករថយន្តធ្លាក់ផ្លូវត្រង់ចំណុចផ្លូវកែងស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង កាលពីវេលាម៉ោង ២១៖១៥នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ អនុប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះថា ជនរងគ្រោះឈ្មោះ សយ សារ៉ុម មុខងារប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរី ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។

ជនរងគ្រោះបើករថយន្តម៉ាកលុច្សស៊ីស RX-470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-9873 តែដោយសារមានបញ្ហាសុខភាព លោកបានបើកធ្លាក់ពីផ្លូវបណ្តាលក្រឡាប់ស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកទៅភ្នំពេញធ្វើបុណ្យតាមប្រពៃណីខ្មែរ រីឯរថយន្តរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់ជូនគ្រួសារសពនៅពេលក្រោយ៕