(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញដែលប្រកាសបើកនៅថ្ងៃនេះ គឺជាស្ថិតក្នុងក្របខណ្ឌភារកិច្ច និងការទទួលខុសត្រូវរបស់កងទ័ពប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះក្រសួងការពារជាតិ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួ ន ៣,៥៧៨នាក់ មាន ១៥២ក្រុមពេទ្យ ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់។

ក្រៅតែពីភារកិច្ចស្នូលក្នុងការពារបូរណភាពទឹកដីហើយនោះ កងទ័ពតែងបានក្លាយទៅជាកម្លាំងដ៏សំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលក្នុងគ្រាចាំបាច់ និងមានអាសន្នផ្សេងៗ។ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កងទ័ពក៏បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។

ក្នុងពេលចាក់ដូសទី១ និងទី២ កងទ័ព គឺជាកម្លាំងគឺជាកម្លាំងជួរមុខ ដែលត្រូវបានចាត់តាំងចូលចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ កាលពីខែឧសភា។ បន្ទាប់មកកងទ័ពក៏ត្រូវបានចាត់តាំងឱ្យជួយចាក់នៅតាមបណ្តាខេត្តមួយចំនួនដូចជា តាកែវ ព្រះសីហនុ កោះកុង កំពង់ស្ពឺ ស្វាយរៀង សៀមរាប និងបន្ទាយមានជ័យ។ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទាំង៨ កងទ័ពបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ២.៥លាននាក់ នេះមិនរាប់បញ្ចូលការចាក់ជូនកងទ័ព និងគ្រួសារទ័ព ដែលមានជិត ៣លាននាក់នោះទេ។

បេសកកម្មរបស់កងទ័ពក្នុងការងារចាក់វ៉ាក់សាំងនេះ ទទួលបានការពេញចិត្ត និងកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ក្នុងបេសកកម្មចាក់ដូសជំរុញនេះ កងទ័ពនៅតែបន្តស្មារតីយកចិត្តទុកដាក់ និងសម្រេចឱ្យបានតាមផែនការដែលខ្លួនទទួលបានពីរាជរដ្ឋាភិបាល។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដើម្បីសម្រេចផែនការនេះតាមការគ្រោងទុកនោះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងការពារជាតិ បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ជំរុញកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងអ្នកពាក់ព័ន្ធ, គ្រប់កងឯកភាពដែលប្រតិបត្តិការត្រូវគោរពវិធាន «៣ការពារ ៣កុំ» និងវិធានការពារនានាឱ្យខ្ជាប់ខ្ជួន ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រសាសន៍សម្តេចតេជោ «យកវ៉ាក់សាំងស្រោចឱ្យបានជោកជាំដល់ប្រជាពលរដ្ឋ និងបានរហ័សទាន់ពេលវេលា» និងប្រសាសន៍សម្តេចពិជ័យសេនា «មិនត្រូវឱ្យវ៉ាក់សាំងដេកក្នុងឃ្លាំងនោះឡើយ ត្រូវធ្វើឱ្យវ៉ាក់សាំងបញ្ជ្រាបចូលក្នុងខ្លួនមនុស្សឱ្យបានឆាប់រហ័ស»៕