(ភ្នំពេញ)៖ ថ្មីៗនេះទណ្ឌិត សម រង្ស៉ី មានសញ្ជាតិពីរ (បារំាង -ខ្មែរ) ដែលជាប់ជើងកប បន្ដពីខ្មោចឪខាងផាយចោលស្រុកនិងនំាបរទេសមកបំផ្លាញជាតិឯង បានប្រកូសប្រកាសយ៉ាងខែងរ៉ែងក្នុងចេតនាបំផុសបំផុលឲ្យសកម្មជនខ្លួនងើបទ្បើងបះបោរចុះផ្លូវថ្នល់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្រោមលេសចោទប្រកាន់មកលើសម្ដេចតេជោថា បានចំណាយប្រាក់រាប់លានដុល្លារដើម្បីទិញសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដើម្បីប្រុងរត់គេចចេញពីប្រទេសកម្ពុជា។

ឆ្លើយតបភ្លាមៗទៅនឹងការមូលបង្កាច់របស់ទណ្ឌិត សម រង្ស៊ីនេះ នៅថ្ងៃទី៨ ខែតុលា ឆ្នំា២០២១ កន្លងមកនេះ គឺកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្ដីបានអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមទាក់ទងទៅនឹងការកំណត់មេដឹកនំាកំពូលៗរបស់ជាតិត្រូវមាន សញ្ជាតិខ្មែរតែមួយគត់ រួមមាន នាយករដ្ឋមន្រ្ដី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងគោលបំណងបង្ហាញដល់ប្រជាជាតិខ្មែរទំាងក្នុងនិងក្រៅព្រះនគរពីភាពស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។

តើការកំណត់មេដឹកនំាកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិតែមួយគត់បានឆ្លុះបញ្ចំាងអំពីគុណតម្លៃប្រពៃណីមេដឹកនំាខ្មែរតាំងពីសម័យបុរាណយ៉ាងណា ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើនិយាយអំពីទស្សនវិជ្ជានយោបាយគ្រប់គ្រងរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់មេដឹកនំាកំពូលៗរបស់ជាតិត្រូវមាន សញ្ជាតិខ្មែរតែមួយគត់ រួមមាន នាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ហើយត្រូវបានប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅព្រះនគរមានសេចក្ដីអំណរសាទរគាំទ្រដូចយើងឃើញនេះ គឺជាការប្រពៃបំផុត។ ព្រោះមេដឹកនំាកំពូលៗរបស់ជាតិត្រូវមានភារ:ខ្ពស់បំផុតលើសមនុស្សផងទំាងពួងក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

ជាក់ស្ដែងដូចយើងឃើញនៅពេលឃោសនាបោះឆ្នោត ឬនៅពេលទ្បើងកាន់តំណែងរបស់មេដឹកនំាកំពូលៗរបស់ជាតិ ឬអ្នកនយោបាយរាល់នីតិកាលរដ្ឋសភានីមួយៗ តែងស្បថសច្ចាដល់ទេវតា វត្ថុសក្ដិសិទ្ធិ ឬបុព្វការីជនខ្លួនយ៉ាងប្ដូរផ្ដាច់ថាស្មោះត្រង់ចំពោះជាតិដោយហ៊ានលះបង់អ្វីៗគ្រប់យ៉ាងក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

ដូចនេះហេីយ បើយើងស្មោះត្រង់ចំពោះជាតិ ដោយហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជនអស់ហើយ តើរឿងអ្វីយើងមិនហ៊ានលះបង់សញ្ជាតិផ្សេងៗនោះ? ពីព្រោះការលះបង់ ឬទាត់ចោលសញ្ជាតិផ្សេងៗចេញពីមេដឹកនំាកំពូលៗរបស់ជាតិនេះ គឺបង្ហាញអំពីគុណតម្លៃដ៏ប្រពៃថ្លៃថ្លាសម្រាប់ជាតិនីមួយៗលើភពផែនដីនេះមិនថាតែព្រះនគរយើងនោះទេ។ បើពោលក្នុងន័យអារ្យធម៌នេះទៀតសោត ចំពោះទស្សនវិជ្ជានយោបាយគ្រប់គ្រងរដ្ឋរបស់សម្ដេចតេជោ ក្នុងការកំណត់មេដឹកនំាកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិតែមួយគត់នេះ ក៏បានឆ្លុះបញ្ចំាងអំពីគុណតម្លៃប្រពៃណីមេដឹកនំាខ្មែរតំាងពីសម័យបុរាណតរៀងមកផងដែរ។

លោកបន្ថែមថា បើពោលអំពីគុណតម្លៃប្រពៃណីមេដឹកនំាខ្មែរគ្រប់គ្រងរដ្ឋ កាលពីសម័យបុរាណនោះ គឺមេដឹកនំាឈរលើទស្សន:ជាតិនិយមខ្មែរ ពូជសាសន៍ខ្មែរ និងសញ្ជាតិខ្មែរតែមួយគត់គ្រប់ៗជាតិ។ ដូចជាសិលាចារិកក្នុងរាជព្រះបាទឧទ័យទិត្យវរ្ម័នទី២ នៅស.វ.ទី១១ ព្រះអង្គបានបួងសួងថា «បើផលដែលកើតចេញពីបុណ្យកុសលរបស់ខ្ញុំមានមែននោះ សូមឲ្យឆាប់កើតនៅកម្ពុជា»

នេះបង្ហាញថាខ្មែរបុរាណ មិនត្រឹមតែមានទស្សន:ជាតិនិយមស្រទ្បាញ់ជាតិ មាតុភូមិ និងប្រជាជនរបស់ខ្លួនក្នុងពេលនៅរស់ប៉ុណ្ណោះទេ គឺរហូតទៅជាតិខាងមុខទៀត ពីព្រោះភាពជាអ្នកដឹកនំាគ្មានអ្វីវិសេសវិសាលជាងជាតិ មាតុភូមិ និងប្រជាជនខ្លួននោះទេ។ ត្រង់នេះហើយទើបធ្វើឲ្យព្រះនគរ ខ្មែរ នាសម័យចក្រភពអង្គរមាន ភាពរឹងមំារុងរឿង ថ្កើងថ្កាន ល្បីរន្ទឺពេញទ្វីបលោកនោះ។

ជាចុងក្រោយលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បើដូចនេះចំពោះការកំណត់មេដឹកនំាកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិតែមួយគត់ ក្នុងពេលប្រទេសមានសន្ដិភាពយ៉ាងពេញបរិបូណ៍ និងការអភិវឌ្ឍសព្វបែបយ៉ាងនេះ គឺអាចឲ្យយើងមើលឃើញយ៉ាងច្បាស់ថាតើអ្នកនយោបាយណាខ្លះដែលស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាជនយ៉ាងពិតប្រាកដ។

ព្រោះសព្វថ្ងៃនេះចំពោះវោហាសាស្រ្ដស្នេហាជាតិ ស្រទ្បាញ់ជាតិ ស្មោះត្រង់ចំពោះជាតិ ពលីកម្មដើម្បីជាតិបានផ្ទុះទ្បើងក្នុងសង្គមខ្មែរយ៉ាងផុលផុសចេញពីបក្សនយោបាយ និងសកម្មជននយោបាយខ្លះ បានយកមកបង្ហោះលើបណ្ដាញសង្គមខ្លួន ស្ទើរក្លាយជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គលម្នាក់ៗ ក្នុងចេតនាអួតអាងដល់មហាជនថា រឿងជាតិសព្វយ៉ាងខ្លួនជាអ្នកអស្ចារ្យជាងគេ។ ដូចជាពួកគេតែងស្រែកក្ដែងៗថា «សុខចិត្ដស្លាប់ខ្លួន កុំឲ្យស្លាប់ជាតិ» ជាដើម។ តើពេលនេះពួកគេហ៊ានលះបង់សញ្ជាតិផ្សេងៗចោលឬទេ ?

បើដូច្នេះចំពោះការកំណត់មេដឹកនំាកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិតែមួយគត់ ក្នុងសម័យសម្ដេចតេជោនេះ គឺជាមរតកជាតិដ៏ប្រពៃថ្លៃថ្លាសម្រាប់ទ្រព្រះនគរខ្មែរឲ្យរឹងមំាដូចសម័យអង្គរតរៀងទៅ៕