(ភ្នំពេញ)៖ ភ្លាមៗមិនបង្អង់យូរប្រធានគណបក្សយុវជនកម្ពុជា ដែលទើបនឹងជាសះស្បើយពីជំងឺកូវីដ១៩លោក ពេជ្រ ស្រស់ បានឆ្លើយតបទាំងកណ្តាលរាត្រីទៅកាន់ អ្នកទោស សម រង្ស៉ី ដោយបានលើកឡើងថា គំនិតទាមទារឲ្យកំណត់អាណត្តិ និងអាយុរបស់នាយករដ្ឋមន្រ្តីពីសំណាក់ទណ្ឌិត សម រង្ស៉ី ខណៈដែលខ្លួនមិនមែនជាអ្នកកាន់អំណាចនោះ គឺឆ្លុះបញ្ចាំងអំពីចំណុចទន់ខ្សោយចំនួន៥ចំណុច។

លោក ពេជ្រ ស្រស់ បានរៀបរាប់ឲ្យដឹងថា អ្នកដែលមាននូវគំនិតទាមទារឲ្យកំណត់អាណត្តិរបស់នាយករដ្ឋមន្រ្តីទាំងខ្លួន មិនមែនជាអ្នកកាន់អំណាចនោះ គឺឆ្លុះបញ្ចាំងអំពីចំណុចទន់ខ្សោយមានដូចខាងក្រោម៖

១៖ ដឹងថាខ្លួនឯងគ្មានឱកាសកាន់អំណាច ទើបទាមទារឲ្យបង្រួចពេលវេលាអ្នកកាន់អំណាចថយមករយៈពេលខ្លី

២៖ បង្ហាញពីភាពអស់សង្ឃឹមក្នុងការប្រកួតជាមួយនឹងគេ

៣៖ បង្ហាញអំពីគំនិត្យដ៏ក្មេងខ្ចី ដោយហេតុថា ទោះបីជាគេកំណត់អាណត្តិនាយករដ្ឋមន្រ្តីក៏ដោយ បើគណបក្សគេនៅតែឈ្នះ គឺគ្នីគ្នាគេនៅតែកាន់អំណាច ហើយអ្នកជំនិតគេនឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីដដែល ដោយអ្នកនៅខាងក្រៅផ្សេងពីគណបក្សឈ្នះគឺមិនអាចឡើងមកកាន់អំណាចកំពូលឬធ្វើនាយករដ្ឋមន្រ្តីបានទេ

៤៖ បង្ហាញភាពចាញ់ នៃការធ្វើនយោបាយប្រជែងយកឈ្នះ

៥៖ ប្រាប់លោកិយថា ខ្លួនឈប់ធ្វើនយោបាយហើយ ដោយយកលេសថាទុកឲ្យអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្រ្តីបញ្ចេញសមត្ថភាពពួកគេម្តង ប៉ុន្តែត្រូវដឹងថាបើយុវជន ក៏ត្រូវជាយុវជនខាងខ្សែគណបក្សដែលគេឈ្នះឆ្នោតដែរច្បាប់លោកិយគឺអ្នកឈ្នះជាអ្នកចាត់ចែងអំណាច ហើយក៏ជាអ្នកកំណត់វាសនារបស់អ្នកចាញ់ផងដែរ៕