(កណ្តាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ​ ដែលរស់នៅក្បែរសាលាឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្ដកណ្ដាលកំពុងនាំគ្នា ព្រួយបារម្ភនឹងបញ្ហាប្រឈមធ្លាក់ចូលទន្លេ ដោយសារតែសកម្មភាពបូមខ្សាច់មួយកន្លែង បូមខុសទិសដៅ ដែលក្រសួងជំនាញបានកំណត់ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋប្រាប់ Fresh News ឲ្យជួយចុះផ្សាយជូនដំណឹងទៅស្ថាប័នជំនាញ​ ឲ្យជួយចុះទៅពិនិត្យមើលផង។

អ្នកភូមិនិយាយថា សាឡង់បូមខ្សាច់​អនាធិបតេយ្យខុសទិសដៅ ដែលក្រសួងរ៉ែ និងថាមពល បានកំណត់នោះ ជាកម្មសិទ្ធិរបស់ថៅកែ ឡុង ហ៊ាង ហៅ ណាំ ហ៊ាង ដែលកំពុងធ្វើសកម្មភាពបូមខ្សាច់ នៅក្រោយសាលាឃុំរកាកោងទី១ តែម្ដង។ សកម្មភាពបូមខ្សាច់បានធ្វើឡើង ជារៀងរាល់ថ្ងៃក្រោមក្រខ្សែភ្នែក របស់លោកមេឃុំរកាកោងទី១ ដែលប្រជាពលរដ្ឋ សង្ស័យថាទទួលបានលាភសក្ការពី ម្ចាស់សាឡង់បូមខ្សាច់ខាងលើនេះ។

ប្រភពបានបន្ដថា ថៅកែសាឡង់បូមខ្សាច់ ឡុង ហ៊ាង បានធ្វើសកម្មភាពបូមខ្សាច់ខុស ទិសដៅដែលច្បាប់បានកំណត់ ធ្វើឲ្យប្រជាពលរដ្ឋនៅឃុំរកាកោងទី១ ព្រួយបារម្ភខ្លាចលំនៅឋាន​របស់ពួកគាត់ ត្រូវប្រឈមនឹងការបាក់ធ្លាក់ចូលទឹកទន្លេ នៅរដូវវស្សាខាងមុខ។

ប្រជាពលរដ្ឋធ្លាប់រកអន្ដរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន នៃឃុំរកាកោងទី១នោះដែរ ប៉ុន្ដែមិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ។ អ្នកភូមិបាននិយាយថា ថៅកែខ្សាច់ ឡុង ហ៊ាង ហៅ ណាំ ហ៊ាង ឃុបឃិតជាមួយមេឃុំរកាកោងទី១ និងមន្ដ្រីក្រសួងរ៉ែ និងថាមពល ខិលខូចបានធ្វើសកម្មភាពបូមខ្សាច់ខុសទិសដៅ ដែលក្រសួងជំនាញបានកំណត់។

បើទោះបីជាប្រជាពលរដ្ឋមានប្រតិកម្មយ៉ាងណា ក៏សកម្មភាពបូមខ្សាច់របស់ថៅកែ ឡុង ហ៊ាង នៅតែដំណើរការ ដែលប្រជាពលរដ្ឋសង្ស័យថា លោកថៅកែ ឡុង ហ៊ាង ហៅ ណាំ ហ៊ាង បានផ្ដល់ផលប្រយោជន៍ ឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញរួចអស់ហើយ ទើបបានជាសកម្មភាពបូមខ្សាច់ ប្រព្រឹត្ដទៅយ៉ាងរលូន ដោយមិនខ្លាចប្រជាពលរដ្ឋរងគ្រោះ នៅពេលខាងមុខនោះ។

តាមប្រជាពលរដ្ឋបានប្រាប់ថា ការដ្ឋានបូមខ្សាច់របស់លោក ណាំ ហ៊ាង គឺនៅឯភូមិស្វាយជ្រំុ ឃុំព្រែកដំបង ស្រុកមុខកំពូល គឺឃ្លាតគ្នាខ្ទង់៣គីឡូម៉ែត្រឯណោះ។ ប៉ុន្ដែបែរជាយកសាឡង់មកបូមខ្សាច់ នៅឃុំរកាកោងទី១ ក្បែរព្រំប្រទល់ស្រុកកងមាស ខេត្ដកំពង់ចាមទៅវិញ។ ទង្វើបែបនេះ គឺជាការបំពានច្បាប់ដែលបានកំណត់។ 

ប៉ុន្តែម្ចាស់ដេប៉ូខ្សាច់ដែលរងការចោទប្រកាន់ បានបដិសេធប្រាប់គេឯងថា ពុំបានធ្វើអាជីវកម្មខុសទិសដៅនោះទេ។ ដើម្បីចង់ដឹងថាការដ្ឋានបូមខ្សាច់ របស់ថៅកែ ឡុង ហ៊ាង ហៅណាំ ហ៊ាង ពិតជាបូមខុសទីតាំង ដូចការចោទប្រកាន់ពិតមែនឬអត់នោះ​ សូមមន្ត្រីជំនាញរបស់ក្រសួងរ៉ែ​ និងថាមពល ជួយចុះទៅត្រួតពិនិត្យមើលផងថា តើបូមខុសទីតាំងមែនឬអត់?៕