(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីទទួលបានការជូនដំណឹង ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និង រថយន្តចង្កូតស្តាំដែលគ្មានពន្ធ បានចូលមកបំពេញកាតព្វកិច្ចពន្ធជាបន្តបន្ទាប់ ដើម្បីជៀសផុតពីការផាកពិន័យ និងបង្រ្កាបផ្សេងៗ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោម ផ្លាកលេខផ្សេងៗដែលគ្មានពន្ធ ឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលរួចមក សង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងផងដែរ»

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀតឱ្យម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ និង រថយន្តចង្កូតស្តាំដែលគ្មានពន្ធ ចូលបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។

ជាមួយគ្នានេះរថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះ បន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕