(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM) ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ត្រូវបានលើកទៅពេលក្រោយវិញ ដោយសារមូលហេតុបច្ចេកទេស។ នេះបេីតាមការបញ្ជាក់របស់ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

ទោះជាយ៉ាងនេះក្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចេញសេចក្តីជូនព័ត៌មានអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំនេះម្តងទៀតនាពេលខាងមុខ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM) ត្រូវបានគ្រោងធ្វេីឡេីងដេីម្បីពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ពិសេសការអនុវត្តផែនការសកម្មភាពនៃសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ឆ្នាំ២០២១-២០២៥។

កិច្ចប្រជុំក៏នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយពិចារណាទៅលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានសារៈសំខាន់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕