(សៀមរាប)៖ រថយន្តក្រុង និងរថយន្តម៉ាកកាមរីឆ្លាមបានបើកបុកគ្នា ទាំងព្រឹក នៅលើផ្លូវជាតិលេខ៦ បណ្ដាលអោយអ្នកដំណើរចំនួន៧នាក់រងរបួសធ្ងន់ និងស្រាលដោយករណីបានកើតឡើង នៅវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះបានបុកគ្នា ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា នៅលើដងផ្លូវជាតិលេខ៦។ នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុងបានបើក ក្នុងទិសដៅពីសៀមរាបមកភ្នំពេញ ឯរថយន្តកាមរីបើកពីភ្នំពេញទៅសៀមរាប ​ស្រាប់ដល់ភូមិរការកំបុត ក៏បានបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកជិះ នៅក្នុងរថយន្តកាមរី ចំនួន៧នាក់រងរបួសធ្ងន់ ឯអ្នកបើករថយន្តក្រុង និងបុគ្គលិកចំនួន៣នាក់ បានរត់គេចខ្លួនបាត់អស់ក្រោយកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះទំាង៧នាក់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីព្យាបាល ប៉ុន្តែស្ថានភាពយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ ព្រោះមើលជនរងគ្រោះមួយចំនួន ហាក់ដូចជាមានរបួសធ្ងន់ធ្ងរ៕