(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណង ជាង ៧០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនខាងលើ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។

ក្រសួងការបរទេស បញ្ជាក់ថា ការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន រួមមាន៖

១៖ ឥណទានសម្បទាន៖ គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារអាមេរិក)។

២៖ ហិរញ្ញប្បទានឥតសំណង៖

* គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)
* គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
* សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)
* គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក) និង
* គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៉ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។

ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងខាងលើ ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕