(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចទាំងស្រុងហើយលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងកំណត់សញ្ជាតិខ្មែរតែមួយចំពោះប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

មុនឈានដល់កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញឡើងអាននូវសេចក្តីថ្លែងហេតុ បញ្ជាក់ពីគោលបំណងនៃការតាក់តែងច្បាប់នេះឡើង។

ក្នុងសេចក្តីថ្លែងហេតុនោះ បានគូសបញ្ជាក់ថា រដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជន កម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសុទ្ធតែត្រូវបានកំណត់ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និង ទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះ ជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធ ក៏បានតម្រូវឱ្យតំណាង រាស្ត្រ, សមាជិកព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញទាំងអស់ ត្រូវតែមាន សញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាឱ្យការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងការងារបោះឆ្នោតដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារ ឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងទាក់ទងនឹងកិច្ចដំណើរការបោះឆ្នោតពីខាងក្រៅ។

ក្នុងសេចក្តីថ្លែងហេតុបន្តថា ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរនិងការ ប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែក ពីបរទេស, និងដោយយោងតាមមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន ជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ)មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័ន ជាតិ រួមមាន៣មាត្រាដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
* មាត្រាមួយ ចែងអំពីសំណើធ្វើវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
* មាត្រាពីរ ចែងអំពីសំណើធ្វើវិសោធនកម្មមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
* មាត្រាបី ចែងអំពីការប្រកាសច្បាប់នេះជាការប្រញាប់៕