(ក្រចេះ)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែង មិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើជនរងគ្រោះជាម្ចាស់ផ្ទះដើម្បីប្លន់យកទ្រព្យសម្បត្តិ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់​ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីអាវុធហត្ថស្រុកស្នួលបានឲ្យដឹងថាក្រុមចោរមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែង បានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់ជនរងគ្រោះ ជាម្ចាស់ផ្ទះចំនួន២គ្រាប់ ចំ-ពោះ និងឆ្អឹងជំនី
បណ្ដាលឲ្យស្លាប់ហើយ ប្រមូលយកប្រាក់អស់ចំនួន២លានរៀល រត់គេចខ្លួនបាត់អស់ទៅ។

ជនរងគ្រោះមានឈ្មោះសឿន រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយបច្ចុប្បន្នកំលាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្តកំពុងត្រួតពិនិត្យនិង ធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញា ដើម្បីធ្វើការតាមចាប់ក្រុមចោរប្លន់ទាំងអស់នោះ យកមកផ្តន្ទាទោសតាមច្បាប់។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានចុះជួយអន្តរាគមន៍ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ៕