(សៀមរាប)៖ នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ពីថ្ងៃទី៥ ដល់ទី៧ ខែតុលា ឆ្នាំ២០២១ ខេត្តសៀមរាបទទួលបានទេសចរសរុបជាង ៣ម៉ឺននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋក្នុងខេត្ត រួមនឹងទេសចរមកពីបណ្ដាខេត្តក្រុងនានា សរុប ៣៣,២២២នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាន សហគមន៍អេកូទេសចរណ៍ក្នុងខេត្តសៀមរាប។

មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ទេសចរដែលដើរកម្សាន្តក្នុងរមណីយដ្ឋានអង្គរមានប្រមាណ ២១,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានប្រមាណ ៦,៣០០នាក់ និងសហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានប្រមាណ ៥,៧០០នាក់។ បន្ថែមពីនេះ ទេសចរបរទេសផ្ទៃក្នុងមានចំនួន ២២២នាក់៕