(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវជាថ្មីដល់ក្រុមប្រឆាំង និងអ្នកជឿតាមការឃោសនារបស់ក្រុមប្រឆាំងឱ្យនាំគ្នាទៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនចង់ឃើញក្រុមប្រឆាំងទាំងនោះ ត្រូវស្លាប់ដោយសារជំងឺកូវីដ១៩ ព្រោះតែការមិនបានចាក់វ៉ាក់សាំងនោះឡើយ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា សម្តេចបានបញ្ជាឱ្យមានការស្រាវជ្រាវពាក់ព័ន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តើពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬអត់?

បើតាមសម្តេចតេជោ ហ៊ុន សែន មានអ្នកជំងឺវ័យក្មេងមួយចំនួនបានស្លាប់ ដោយសារតែពួកគេមិនបានចាក់វ៉ាក់សាំង។ សម្តេចតេជោ ក៏បានបញ្ជាឱ្យស្រាវជ្រាវពីមូលហេតុដែលពួកគេ មិនព្រមចាក់វ៉ាក់សាំងផងដែរ។ លទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកមិនព្រមចាក់នោះ គឺជាអ្នកមាននិន្នាការប្រឆាំង និងអ្នកខ្លះទៀតជឿតាមការឃោសនារបស់ក្រុមប្រឆាំងនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធឱ្យខិតខំស្រាវជ្រាវរកអ្នកមិនទាន់ចាក់វ៉ាក់សាំងនេះ មកទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា ដោយសម្តេចមិនចង់ឃើញពួកគេត្រូវស្លាប់ព្រោះតែមិនបានចាក់វ៉ាក់សាំងនោះឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងត្រូវប្រឹងប្រែងរួមគ្នាស្រាវជ្រាវ ព្រោះមានមួយក្រុមដែលបានឃោសនាមិនព្រមចាក់វ៉ាក់សាំង ហើយទៅឃោសនាមិនឱ្យគេចាក់វ៉ាក់សាំង។ យើងមិនចង់ទុកឱ្យអ្នកប្រឆាំងដែលជឿតាមការឃោសនាអកុសលនោះ ពួកគេស្លាប់ទេ យើងចង់ឱ្យពួកគេរស់»

ទន្ទឹមគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅស្វែងរកការចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យបង្អែកតាមខេត្តនានា គឺអាជ្ញាធរនៅតែទទួលចាក់វ៉ាក់សាំងជូនពួកគេ។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនត្រឹមតែជួយការពារសុខភាព ការពារអាយុជីវិតពីការយាយីមេរោគកូវីដ១៩ប៉ុណ្ណោះទេ។ តែទៅថ្ងៃមុខការចាក់វ៉ាក់សាំង នឹងក្លាយទៅជាតម្រូវការចាំបាច់ពាក់ព័ន្ធការរស់នៅប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើងបានចំនួនជាង ១៣លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.១១ភាគរយ នៃប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេស។

សម្តេចតេជោ បានបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងនៅក្នុងស្តុករហូតដល់ទៅ ១១លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ៕