(ភ្នំពេញ)៖ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសជនជាតិរុស្ស៊ី មកកម្សាន្តនៅតំបន់​ឆ្នេរសមុទ្រ​កម្ពុជាកាន់​តែច្រើន​បន្ថែមទៀតនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានដាក់​ចេញ​នូវវិធាន​ការមួយចំនួន។

លោករដ្ឋមន្រ្តីបានលើកឡើងថា បច្ចុប្បន្នទេសចររុស្សីមាននិន្នាការ​មកទស្សនាអាស៊ីប៉ាស៊ីហ្វិក ពិសេសអាស៊ាន​ផងដែរ ដែលនេះជាឱកាសល្អបំ​ផុតសម្រាប់កម្ពុជា ដែលជាគោលដៅទេសចរណ៍​មួយ​មានសក្តានុពលល្អ​សម្រាប់ទាក់ទាញទេសចររុស្សី  ពិសេសគឺតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកថា ដូច្នេះដើម្បីត្រៀមទទួលទេសចរនេះ ក្រសួងទេសចរណ៍ និងផ្នែកឯកជនបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ហើយបានដាក់ចេញនូវវិធាន​ការចាំបាច់មួយចំនួន ដូចជា បង្កើនការរៀបចំ Farm Trip រួមគ្នា, ទទួលក្រុមសារព័ត៌មាន និងវិនិយោគរុស្សី, ជំរុញការផ្សព្វផ្សាយ​ទេសចរណ៍​ទៅទីផ្សាររុស្សីតាមរយៈ​ការរៀបចំ​ចូលរួមពិព័រ​ណ៍​ទេសចរណ៍​នៅទីក្រុង​ម៉ូស្គូ​ឲ្យបានល្អ និងជំរុញការ​ផ្សព្វផ្សាយ​តាមប្រព័ន្ធ Media, បន្តជំរុញការខិតខំ​គ្រប់គ្រង​អភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ​អោយបានល្អ។ រៀបចំព្រឹត្តការណ៍ទេសចរណ៍​នៅតំបន់ឆ្នេរសមុទ្រ, បង្កើតផលិតផលទេសចរណ៍​ឲ្យបានច្រើន និងប្រកបដោយ​ភាពទាក់​ទាញនៅតំបន់ឆ្នេរ, បង្កើននិងពង្រឹងគុណភាពសេវា កម្មទេសចរណ៍​តាមកំរិតស្តង់ដារអន្តរជាតិ និងបដិសណ្ឋារកិច្ចល្អ។

លោករដ្ឋមន្រ្តីក៏បានរៀបចំយុទ្ធសាស្រ្តទីផ្សារទេសចរណ៍រុស្សី និងជំរុញការរៀនសូត្រភាសារុស្សីក្នុងឧស្សាហកម្មទេសចរណ៍ ,ជំរុញការបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍និយាយភាសារុស្សី , ជំរុញការវិនិយោគផលិត​ផលទេសចរណ៍​ប្រកបដោយ​ភាពទាក់ទាញ និងប្រកបដោយស្តង់ដារ​អន្តរជាតិ​នៅតំបន់ឆ្នេរសមុទ្រ, ជំរុញការផ្សព្វផ្សាយ​តាមគ្រប់មធ្យោបាយទៅទីផ្សាររុស្សី, ជំរុញការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ពិសេសពង្រីកផ្លូវហោះ​ហើរនៅព្រលានយន្តហោះ​ក្រុងព្រះសីហនុ, ជំរុញឲ្យមានការហោះហើរត្រង់ពីរុស្សីមកកម្ពុជា, សិក្សាលើប្រព័ន្ធសម្រួល​ការធ្វើដំណើររបស់ទេស​ចរ​រុស្សី ពិសេសសិក្សាលើគោលនយោបាយទិដ្ឋាការដល់ទេសចររុស្សីជាដើម។

សូមបញ្ជាក់ថា ឆ្នាំ២០១៣ ទេសចររុស្សីមកទស្សនាកម្ពុជា មានចំនួន ១៣១.៦៧៥នាក់ កើនឡើង៣២%។  ភ្ញៀវទេសចររុស្សីចេញក្រៅប្រទេស (Russian Outbound) មានចំនួនប្រមាណ ៣០លាននាក់ ក្នុងនោះមកទស្សនាអាស៊ានទើបបានប្រមាណជាង៣លាននាក់ (មកទស្សនាប្រទេសថៃច្រើនជាងគេ) ក្រៅពីនោះចំនួនទេសចរ     រុស្សីភាគច្រើនចេញទៅ ទស្សនាប្រទេសអេហ្សីប ទួរគី និងទៅប្រទេសអ៊ឺរ៉ុប និងអាស៊ានបូក៣ ផងដែរ៕