(ពោធិ៍សាត់)៖ មន្រ្តីអាវុធហត្ថខេត្តពោធិ៍សាត់ ចំនួន៣៩នាក់​ ត្រូវបានប្រកាសតម្លើងឋានន្តរស័ក្តិ តាមប្រកាសលេខ​ ៩០៤​អនក្រ.តត​ ចុះថ្ងៃទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៥ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦​ នៅសាលប្រជុំអាវុធហត្ថខេត្ត​ ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួម ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​ និង​លោកស្រី មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់សឹងរងខេត្ត តំណាងសាលាដំបូងខេត្ត​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មនី្ទរអង្គភាពជុំវិញខេត្ត និងកងកម្លាំងជាច្រើនរូបទៀត។

ជាមួយគ្នានេះ ក្នុងចំណោមមន្រ្តីអាវុធទាំងអស់នោះ ក៏មានការតែងតាំងលោក ហ៊ុន សុភក្តិ ជាមេបញ្ជាការរងអាវុធហត្ថផងដែរ។

នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតម្លើងឋានន្តរស័ក្តិខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការអាវុធហត្ថខេត្ត បានលើកឡើងនូវលទ្ធផលប្រតិបត្តិការ នៃការបំពេញភារកិច្ច​ របស់កងកម្លាំងរបស់ខ្លួន នាពេលកន្លងទៅ ព្រមទាំងបាន និងកំពុងបន្តបំពេញការងារកាន់តែខ្លាំងឡើង ដើម្បីពង្រឹងបញ្ហាសន្តិសុខ និង សណ្នាប់ធ្នាប់ជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកមេបញ្ជាការបានបញ្ជាក់ថា សម្រាប់ការងារសន្តិសុខ លោកបានដាក់ផែនការឲ្យកម្លាំងចុះល្បាត ទាំងថ្ងៃទាំងយប់ គ្រប់គោលដៅទាំងអស់ ដែលអាចចេញជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានហេតុការណ៍ និងបទល្មើសអ្វីមួយកើតឡើង។

លោកឧត្តមសេនីយ៍ទោ អន សុខុន បានថ្លែងកោតសរសើរដល់កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដែលកន្លងមក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើកិច្ចការពារសន្តិសុខ ដូចនេះដើម្បីជាការលើកទឹកចិត្តជូននោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចយល់ព្រមតាមសំណើ របស់មេអង្គភាព​ ចំពោះការសុំផ្ទេរភារកិច្ច និងតម្លើងឋានន្តរស័ក្តិ ជូនដល់មន្រ្តីអាវុធហត្ថទាំង ៣៩នាក់នេះ។ យ៉ាងណាមិញ លោកឧត្តមសេនីយ៍បានជំរុញឲ្យ កម្លាំងអាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំបន្តទៀត លើការពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង ជាពិសេសលើការទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើងជាយថាហេតុ៕