(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសផងដែរ។

គេនៅចាំបានថា កាលពីអាណត្តិទី១ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បង្ហើបពីឆន្ទៈបែបនេះម្តងរួចហើយ ប៉ុន្តែត្រូវបានបដិសេធ ផ្ទុយមកវិញ ចំពោះគំនិតផ្តួចផ្តើមលើកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពោលគឺទូទាំងប្រទេសតែម្តង។

ជាក់ស្តែង ស្ថាប័នរដ្ឋសភាកម្ពុជា បានប្រកាសគាំទ្រ និងបានចាត់ទុកថា ការផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោខាងលើនេះ គឺជាគតិបណ្ឌិត ដែលមានលក្ខណៈស្នេហាជាតិយ៉ាងខ្ពង់ខ្ពស់ឧត្តុងឧត្តម ដែលនឹងធានានូវឯករាជ្យ និងអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ហើយរារាំងបាននូវពួកជនឱកាសនិយម ដែលពឹងផ្អែកសញ្ជាតិច្រើន ដែលខ្លួនមាន យកបរទេសធ្វើជាបង្អែក ហើយធ្វើនយោបាយប្រជាភិថុត និងធ្វើជាដៃជើងបរទេស ក្នុងការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

បើតាមរដ្ឋសភា, «នេះគឺជាការធានាមួយទៀត ចំពោះកម្ពុជាបច្ចុប្បន្នក៏ដូចជានាពេលអនាគតថា ថ្នាក់ដឹកនាំកម្ពុជា ជាឥស្សរជនស្នេហាជាតិ ស្នេហាឯករាជ្យ អធិបតេយ្យជាតិ ព្រមទាំងស្នេហាលទ្ធិប្រជាធិបតេយ្យ គឺពឹងផ្អែកលើកម្លាំងប្រជាជាតិទាំងមូល ទាត់ចោលនូវការប៉ុនប៉ងធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់ក្រៅប្រទេស»

ស្របពេលជាមួយគ្នានេះ ស្ថាប័នព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា ការធ្វើវិសោធនកម្មនេះ នឹងបម្រើឱ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម និងយូរអង្វែងរបស់ជាតិ ដើម្បីរួមចំណែកធានាថា ថ្នាក់ដឹកនាំនៃស្ថាប័នកំពូលទាំង៤ មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជា ហើយប្រឆាំងដាច់ខាតមិនឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់មជ្ឈដ្ឋានខាងក្រៅ។

ព្រឹទ្ធសភា បានបន្ថែមថា «គំនិតផ្តួចផ្តើមថ្មីជាប្រវត្តិសាស្រ្តនេះនឹងបង្ហាញអំពីភក្តីភាព និងសុច្ចរិតភាពរបស់ឥស្សរជនកំពូលរបស់ជាតិចំពោះជាតិ និងជាពិសេសបង្ហាញទៅកាន់ម្ចាស់ឆ្នោតអំពីការបេ្តជ្ញាចិត្តខ្ពស់ក្នុងគ្រប់ កាលៈទេសៈ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍រួមរបស់ជាតិយើង»

ងាបទៅគណបក្សនយោបាយវិញ ក៏បានបង្ហាញឆន្ទៈគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្រាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា នយោបាយជាតិសាសន៍១ ប្រទេស១ មេដឹកនាំសញ្ជាតិតែ១ គឺជារឿងល្អដើម្បីទប់ស្កាត់អ្នកមានផ្ទះច្រើនកន្លែងហើយដើរដុតផ្ទះណាដែលខ្លួនមិនពេញចិត្តចោល នាំឲ្យវិនាសកម្មអ្នក ដែលរស់នៅក្នុងផ្ទះនោះ។ ចំពោះការបង្កើតច្បាប់មេដឹកនាំត្រូវ មានសញ្ជាតិតែ១នេះ គឺជាការកាត់ផ្តាច់នយោបាយឈ្លានពានត្រជាក់នៅថ្ងៃអនាគតផងដែរ ជាពិសេស គឺកាត់ផ្តាច់អ្នកចង់លេបប្រទេសកម្ពុជាតាមរយៈចងសម្ព័ន្ធមេត្រីភាពទ្វេរសញ្ជាតិ។

«ខ្ញុំគាំទ្រឲ្យមានការបង្កើតច្បាប់មេដឹកនាំត្រូវមានសញ្ជាតិតែ១ នេះឲ្យបានឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន»។ នេះបើតាមលោក ពេជ្រ ស្រស់។

ចំណែកឯ គណបក្សសញ្ជាតិកម្ពុជា ទន្ទឹមនឹងការប្រកាសគាំទ្រសម្តេចតេជោនាយករដ្ឋមន្ត្រីហើយនោះ គណបក្សនេះបានអំពាវនាវដល់គ្រប់និន្នាការទាំងអស់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ គាំទ្រនូវជំហររាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួចផ្តើមខាងលើ។

គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា «សូមសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយថែរក្សាការពារសន្តិភាព សាមគ្គីភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងបូរណភាពទឹកដី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជ្រកក្រោមម្លប់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»

គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី មេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសស៉ីព (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប។ គំនិតនេះ ក៏ត្រូវបានការគាំទ្រពីអ្នកវិភាគសង្គម និងនយោបាយល្បីៗ ដូចជា សាស្ត្រាចារ្យបណ្ឌិត ឥន សុផល និងបណ្ឌិត គិន ភា ផងដែរ។

លោក ឥន សុផល បានបញ្ជាក់ថា កាលពីអាណត្តិទី១ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងអំពីអ្នកនយោបាយកម្ពុជា ត្រូវមានសញ្ជាតិខ្មែរតែមួយ តែមិនទទួលបានការគាំទ្រទេ ដោយសាររឿងបង្រួបបង្រួមជាតិ ធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំនយោបាយមួយចំនួនមានសញ្ជាតិពីរ ឬបី។ បទពិសោធន៍ មានបុគ្គលមួយចំនួនបន្ទាប់ពីបានចូលកាន់តំណែងធំៗក្នុងរដ្ឋាភិបាល បានប្រព្រឹត្តអំពើពុករលួយបំផ្លាញប្រជារាស្ត្រខ្មែរ ដែលកំពុងតែក្រីក្រ យកលុយទៅទិញចម្ការ, វីឡាស្កឹមស្កៃនៅបរទេស ដែលពេលមុនលក់តែនំប័ង្ក, លក់គុយទាវ, រត់តាស៉ីសោះ.....! ដល់ពេលរដ្ឋាភិបាលតាមចាប់ខ្លួន ពួននៅក្រៅប្រទេសបាត់ស្រមោល នេះហើយលទ្ធផលអ្នកនយោបាយដែលមានសញ្ជាតិពីរ ឬបី។

«ខ្ញុំយល់ថាកម្ពុជាទទួលស្គាល់សញ្ជាតិពីរ គឺល្អណាស់សម្រាប់បងប្អូនខ្មែររស់នៅក្រៅប្រទេស ប៉ុន្តែសម្រាប់បងប្អូនណាដែលចង់ក្លាយទៅជាអ្នកនយោបាយ ដែលមានឋានៈចាប់ពីសមាជិករាជរដ្ឋាភិបាល, សមាជិករដ្ឋាភា, សមាជិកព្រឹទ្ធសភាឡើងទៅ ត្រូវមានសញ្ជាតិខ្មែរតែមួយ បើពួកគេស្រឡាញ់ជាតិមែននោះ ខ្លាចអីនឹងបោះបង់»។ នេះបើតាមលោក ឥន សុផល។

ចំណែកឯលោក គិន ភា បាត់ចាត់ទុកថា ការលើកឡើងរបស់លោក សម រង្ស៉ី ជាការយល់ខុស។ លោកថ្លែងថា ដោយមិនរាប់បញ្ចូលទិដ្ឋភាពផ្សេងទៀត ដោយគ្រាន់តែផ្អែកលើមូលដ្ឋានអំណាច ធនធាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់បុរសខ្លាំងតេជោសែន វាច្បាស់ណាស់ថា គណបក្សនេះ អាចឈរជើងរឹងមាំ យូរអង្វែងក្នុងសង្វៀននយោបាយកម្ពុជា, តើវាមានការចាំបាច់អ្វី ដែលបុរសខ្លាំងរូបនេះ ទិញលិខិតឆ្លងដែនបរទេស ដើម្បីគេចចេញពីប្រទេសដែលខ្លួនគ្រប់គ្រងយ៉ាងល្អក្រោមម្លប់សន្តិភាពដែលចេញពីដៃរបស់គាត់?

លោក គិន ភា បានបន្តថា តាំងពីក្រោយថ្ងៃ រំដោះ ៧ មករា ១៩៧៩ មក បុរសខ្លាំងកម្ពុជាម្នាក់នេះ មិនដែលគេចចេញ ឬមានបំណងគេចចេញពីប្រទេសរបស់ខ្លួនម្តងណាឡើយ។ ដូច្នេះ ការអំពាវនាវដោយការប្រឌិតព័ត៌មានរបស់លោក សម រង្ស៊ី និងការឆ្លើយតបរបស់បុរសខ្លាំងដោយទិដ្ឋភាពច្បាប់ នឹងធ្វើឱ្យអនាគតនយោបាយលោក សម រង្ស៊ី កាន់តែមានភាពមិនប្រាកដប្រជា។

«ភូតច្រើនចាញ់អាត្មា, សម័យនេះ អ្នកនយោបាយ មិនគួរបង្កើតព្រឹត្តិការណ៍ដូចពួកអ្នកលក់ឡេនោះទេ, ប្រជាជនមិនល្ងង់ទៀតឡើយ!»។ នេះបើតាមលោ គិន ភា។

គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវប្រជាពលរដ្ឋ សាទរ និងកោតសរសើរ លើបណ្តាញសង្គម Facebook ផងដែរ។ លោក នួន ភារម្យ បានថ្លែងថា «ក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ»។

លោកបានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា «ក្មួយត្រូវ ចាំឲ្យច្បាស់ស្គាល់មុខ ហ៊ុន សែន ឲ្យច្បាស់ស្គាល់មុខមេដឹកនាំគណបក្សប្រជាជនឲ្យច្បាស់ អ្នកទាំងនេះ នឹងមិនទៅណាចោលប្រជាជនមួយជំហានឡើយ។ ខ្ញុំអត់មានសញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែមួយគត់គឺ ជម្រើសខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា»

សម្រាប់លោក បឿន វ៉ាន់ឌី ក៏បានលើកឡើងថា ការកំណត់ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ នឹងនាំដល់ការធានាបាននូវភាពជាម្ចាស់នៃជោគវាសនាជាតិខ្លួនដែលដឹកនាំដោយជនជាតិខ្មែរ មានសញ្ជាតិខ្មែរតែមួយ និងធានាបានថែមទៀតចំពោះការស្មោះត្រង់ចំពោះជាតិ។

លោកថ្លែងថា «សូមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់នានា ដែលពាក់ព័ន្ធចំពោះការកំណត់លក្ខខណ្ឌសញ្ជាតិតែមួយរបស់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ»