(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិមាតុភូមិដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចង្អុលបង្ហាញឱ្យមានការសិក្សាស្រាវជ្រាវរៀបចំធ្វើសេចក្តីព្រាងច្បាប់ ឬ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទី ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។

ក្នុងញត្តិគាំទ្រនេះ បានគូសរំលេចថា អនុសាសន៍ផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការធានាទាំងខាងផ្លូវច្បាប់ និងទាំងខាងផ្លូវនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់តំណែងជាមេដឹកនាំនៃស្ថាប័ន កំពូលៗទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ព្រមទាំងធ្វើការដឹកនាំប្រទេសជាតិដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងការជ្រៀតជ្រែកពីប្រទេសក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា។

ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ក៏បានប្រកាសប្ដេជ្ញាខិតខំប្រឹងប្រែងការពារសន្តិភាព ដោយមិនអនុញ្ញាតឱ្យបរទេសទាំងឡាយណា ដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបំពានអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តចូលរួមអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕