(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពទូទាំងខេត្តរតនគិរី ប្រកាសគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិស្នេហាជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនមានសញ្ជាតិខ្មែរតែមួយគត់។

ញត្តិគាំទ្ររបស់តំបន់ប្រតិបត្តិការសឹករងខេត្តរនគិរី ធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ បានគូសរំលេចថា ការមានសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ជាការបង្ហាញឱ្យឃើញនូវការហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ។ ការមានសញ្ជាតិខ្មែរតែមួយ ក៏ជាការបង្ហាញពីភាពស្មោះត្រង់ចំពោះជាតិ បញ្ចៀសពីការជ្រៀតជ្រែករបស់បរទេស។

ក្នុងញត្តិគាំទ្រនេះ មេបញ្ជាការ មេបញ្ជាការរង និងកងទ័ពតំបន់ប្រតិបត្តិការសឹករងខេត្តរនគិរី នៃយោធភូមិភាគទី១ ក៏បានប្តេជ្ញានូវការគោរពថែរក្សា ការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ រួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារឯករាជ្យ អធិបតេយ្យជាតិ សុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ បូរណភាពទឹកដីឱ្យបានឋិតថេរជាអមតៈ និងការអភិវឌ្ឍនៅកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕