(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា៖ ផ្អែកលើស្មារតីការពារជាតិខ្មែរ និងការពារអធិបតេយ្យភាពជាតិខ្មែរ ប្រទេសកម្ពុជាចាំបាច់បំផុត បង្កើតឱ្យមានច្បាប់កំណត់ចំពោះមេដឹកនាំកំពូលជាតិខ្មែរ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាបាន ប្រជាជាតិខ្មែរមិនមានការរំលោភឈ្លានពានឈាមត្រជាក់ពីជនបរទេស នាំឱ្យកើតក្តីអន្តរាយដល់ជាតិ ខ្មែរយើងនាពេលអនាគត ម្យ៉ាងវិញទៀតដើម្បីធានាបានជាតិខ្មែរមានបុគ្គលជាជាតិសាសន៍ដើមកំណើតខ្មែរ ធ្វើជាម្ចាស់នៃប្រទេស។ ក្នុងន័យនេះគណបក្សយុវជនកម្ពុជា សូមគាំទ្រឱ្យបង្កើតឡើងនូវច្បាប់កំណត់ ដល់មេដឹកនាំកំពូលជាតិខ្មែរ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរយើង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»