(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលកម្ពុជា នៅថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២១ ជាមួយនឹងក្រុមឯកទេសផលិតផលហាឡាលកម្ពុជា បានចូលរួមក្នុងសន្និសីទអន្តរជាតិតាមប្រព័ន្ធវីដេអូអនឡាញ ស្តីពី «ការធ្វើឲ្យពិភពលោកមានទំនុកចិត្តលើវិញ្ញាបនបត្រហាឡាល» ដែលរៀបចំដោយស្ថាប័នហាឡាលប្រទេសតួកគី។

សន្និសីទនេះធ្វើឡើង ក្រោមអធីបតីភាព លោក Mustafa Tuzcu អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតួកគី ដោយមានការចូលរួមពីលោក Ihsan Övüt អគ្គលេខាធិការវិទ្យាស្ថានស្តង់ដារ និងមាត្រាសាស្ត្រសម្រាប់ប្រទេសឥស្លាម (SMIIC)។

សន្និសីទនេះ ប្រមូលផ្តុំចូលរួមពីអ្នកតំណាងជាច្រើនមកពីស្ថាប័នអ្នកប្រើប្រាស់ ពាណិជ្ជករ និងរដ្ឋាភិបាលដើម្បីពិភាក្សាអំពីកត្តា «ទំនុកចិត្ត» នេះ នៅក្នុងទីផ្សារវិញ្ញាបនប័ត្រហាឡាល ក្នុងប្រទេសចំនួន៥៧ នៃរដ្ឋជាសមាជិក OIC ដែលចង់បាននូវស្តង់ដាហាឡាលតែមួយ ទៅរកការឯកភាពគ្នា ដើម្បីបង្កនូវភាពងាយស្រួល ដល់ឧស្សាហកម្ម ផលិតកម្ម ពាណិជ្ជកម្ម ហាឡាល។

ថ្លែងក្នុងសន្នីសីទ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមគណៈកម្មាធិការត្រួតពនិត្យផលិផលហាឡាលកម្ពុជា បានលើកឡើងពីការគាំទ្រចំពោះសន្និសីទនេះ ព្រមជាមួយគ្នានេះ លោកក៏បានចូលរួមជាទស្សនៈមួយចំនួនដូចតទៅ៖

* សូមប្រទេសដែលរីកចម្រើនលើការងារហាឡាល សូមជួយដល់ប្រទេសដែលកំពុងផ្តើមកិច្ចការហាឡាល លើការងារបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពពួកគេ ឲ្យមានលទ្ធភាពអាចបង្កើតបាននូវស្ថាប័នហាឡាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានជំនឿជឿជាក់។
* សូមបណ្តាប្រទេសដែលមានសមត្ថភាពជ្រៅជ្រះលើការងារហាឡាល សូមបន្តសហការគ្នា និងសូមជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុអល់ឡោះ អ៊ូម៉ាត់ឥស្លាម ដើម្បីបង្កើននូវការផលិតផលិតផលហាឡាល។
* សូមបណ្តាប្រទេសដែលធ្វើការងារហាឡាល ចូលរួមសហការជាមួយស្ថាប័នហាឡាលនៅកម្ពុជា ដើម្បីឲ្យវិញ្ញាបនបត្រហាឡាលកម្ពុជា ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ និងសូមអញ្ជើញអ្នកវិនិយោគមកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីនាំម្ហូបអាហារ ផលិតផលហាឡាលចេញពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ព្រោះកម្ពុជាជាប្រទេសដែលសំបូរទៅដោយវត្ថុធាតុដើម។

សន្និសិទអន្តរជាតិនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ដោយបានលើកបញ្ហាធំៗមួយចំនួន មកពិភាក្សា ជាពិសេសត្រូវពិភាក្សាសម្រេចជាឯកច្ឆ័ន ពីសមាជិកប្រទេសក្នុងពិភពឥស្លាម ថាតើអនុវត្តយកវិញ្ញាបនបត្រហាឡាល់ក្នុងកម្រិតមួយណា និងយោងតាមស្តង់ដារឬបទបញ្ញត្តិមួយណា? ព្រោះនៅក្នុងស្ថានភាពបច្ចុប្បន្ន ជារឿយៗ ពាណិជ្ជករពុំទទួលបានដំណោះស្រាយឲ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែពួកគេនៅតែត្រូវការស្នើសុំវិញ្ញាបនប័ត្រ ហាឡាល់ ច្រើនជាគោលដៅវាយលុកទីផ្សារមួយដ៏មានសក្តានុពល។

ករណីនេះទស្សនៈរបស់អ្នកប្រើប្រាស់ នៅតែជួបផលវិបាកក្នុងការកំណត់លើភាពត្រឹមត្រូវបំផុតរបស់អាហារហាឡាល់ គ្រឿងសំអាង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត ដោយសារភាពស្មុគស្មាញដំណើរការផលិត និងភាពមិនច្បាស់លាស់អំពីគ្រឿងផ្សំ និងសារធាតុគីមីដែលបានប្រើប្រាស់ជាវត្ថុធាតុដើម សម្រាប់ការផលិត៕