(ភ្នំពេញ)៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកាសគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិស្នេហាជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនមានសញ្ជាតិខ្មែរតែមួយគត់។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានគូសបញ្ជាក់ថា «ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សូមប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ដោយឥតងាករេ ចំពោះគំនិត ផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវមាន [សញ្ជាតិខ្មែរតែមួយ]»។

ក្នុងសេចក្តីថ្លែងការណ៍ បានបន្ថែមថា គំនិតផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ នឹងបង្ហាញអំពីភក្ដីភាព និងសុច្ចរិកភាពរបស់ឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំងបួនរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិមាតុភូមិកម្ពុជា ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងប្រឆាំងដាច់ខាតមិនឱ្យមានការជ្រៀតជ្រែកពីប្រទេសនានាចូលក្នុង កិច្ចការផ្ទៃក្នុងកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕