(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិស្នេហាជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនមានសញ្ជាតិខ្មែរតែមួយគត់។

ក្នុងសេចក្តីថ្លែងការណ៍នេះ បានគូសរំលេចថា គំនិតផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺជាការធានាថាអ្នកនយោបាយ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ ស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុង កិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា ព្រមទាំងហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និង ប្រជាជនខ្មែរ។

ក្នុងសេចក្តីថ្លែងការណ៍ ក៏បានថ្កោលទោសយ៉ាងដាច់អហង្កានូវព័ត៌មានដែលបានចុះផ្សាយ ដោយការសែតបរទេសឈ្មោះថា «The Guardian និង The Washington Post» ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌ជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាបានទិញសញ្ជាតិ និងកាន់ លិខិតឆ្លងដែនប្រទេសសាយប្រឹស (Cyprus)។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសគាំទ្រ និងប្តេជ្ញាអនុវត្តតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំកម្ពុជាទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ រួមមាន ការបង្រួបបង្រួម និងផ្សះផ្សាជាតិ សុខសន្តិភាពពេញលេញ សុវត្ថិភាពនិងស្ថិរភាពសង្គម អធិបតេយ្យ ជាតិនិងនីតិរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ និងភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕