(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក-សមាជិកានៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា រួមមាន វិនិយោគិន ពាណិជ្ជករ អាជីវករ សហគ្រិន ឧស្សាហករ សិប្បករ ធុរជនទីផ្សារបណ្ដាញ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍដីធ្លី និងសំណង់ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ អ្នកប្រកបវិជ្ជាជីវៈ សិស្ស និស្សិត និងយុវជន តាមវិស័យ តាមផ្នែក នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង ៤ របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕