(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់នេះបានបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តជាតិនិយម និងស្នេហាជាតិមាតុភូមិយ៉ាង អង់អាចមុះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាការធានាទាំងផ្លូវច្បាប់ ទាំងផ្លូវ នយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់កាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសជាតិដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងបញ្ចៀសនូវការជ្រៀត ជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិតជាមាន មោទនភាព គោរពកោតសសើរដោយស្មោះអស់ពីដួងចិត្ត និងសូមប្តេជ្ញាអនុវត្តតាមមាគ៌ាដឹកនាំដ៏ឆ្នើមឧត្តុង្គឧត្តម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជាទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្ររាប់មិន អស់ ជាពិសេសនាំមកនូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម អធិបតេយ្យភាព នីតិរដ្ឋ និងភាពល្បីរន្ទឺនៅលើ ឆាកអន្តរជាតិ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕