(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងថា រយៈពេល ១៧ឆ្នាំក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងមួយនេះ លោកបានរៀនសូត្រការងារជំនាញ និងប្រមូលសន្សំបានបទពិសោធន៍ជាច្រើន។

ក្នុងពិធីផ្ទេរតំណែងជូនលោក ជា សុផារ៉ា នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ លោក អ៉ឹម ឈុនលឹម បានថ្លែងថា កត្តាដែលនាំឲ្យសម្រេចបាននូវកិច្ចការទាំងអស់ អាស្រ័យដោយមានកិច្ចសហការ ដ៏ល្អជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ និង កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សង្គមស៊ីវិល និងផ្នែកឯកជនជាដើម។

លោក អ៉ឹម ឈុនលឹម បានលើបង្ហាញនូវសមិទ្ធផលជាច្រើន ដែលលោកបានសម្រេចក្នុងពេលកាន់តំណែងជារដ្ឋមន្រ្តី ហើយក៏បានបង្ហាញនូវការជាច្រើនទៀត ដែលនៅសេសល់មិនទាន់បានអនុវត្តផងដែរ។

សម្រាប់ការងារដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅមិនទាន់បានសម្រេចជាស្ថាពរនេះ លោក អ៉ឹម ឈុនលឹម  រំពឹងថា រដ្ឋមន្រ្តី និងក្រុមការងារថ្មី នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយឲ្យបានល្អប្រសើរបន្ថែមទៀត៕