(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញសារគាំទ្រដល់គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការសិក្សារៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ក្នុងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ។

តាមរយៈបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «នយោបាយជាតិសាសន៍១ ប្រទេស១ មេដឹកនាំសញ្ជាតិតែ១ គឺជារឿងល្អ ដើម្បីទប់ស្កាត់អ្នកមានផ្ទះច្រើនកន្លែង ហើយដើរដុតផ្ទះណា ដែលខ្លួនមិនពេញចិត្តចោល នាំឲ្យវិនាសកម្មអ្នកដែលរស់នៅក្នុងផ្ទះនោះ ចំពោះការបង្កើតច្បាប់មេដឹកនាំត្រូវមានសញ្ជាតិតែ១នេះគឺជាការកាត់ផ្តាច់នយោបាយឈ្លានពានត្រជាក់នៅថ្ងៃអនាគតផងដែរ ជាពិសេស គឺកាត់ផ្តាច់អ្នកចង់លេបប្រទេសកម្ពុជា តាមរយៈចងសម្ព័ន្ធមេត្រីភាពទ្វេសញ្ជាតិ»។

ជាមួយនឹងការគាំទ្រនេះ លោកពេជ្រ ស្រស់ ចង់ឱ្យកម្ពុជា បង្កើតច្បាប់នេះ ឲ្យបានឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕