(ភ្នំពេញ)៖ ជនជាតិរៀតណាម២៩នាក់ដែលកំពុងស្នាក់នៅ និងធ្វើការងារខុសច្បាប់ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួន នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ។ ជនជាតិវៀតណាមទាំងនេះបានលាក់ខ្លួនធ្វើការនៅសិប្បកម្មកែច្នៃឈើមួយកន្លែង ដែលមានម្ចាស់ឈ្មោះ វី ឡុង ជាជនជាតិវៀតណាម ស្ថិតនៅភូមិតាងូវក្រោម សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនជាតិវៀតណាមនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ និងដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីប្រមូល និងឃាត់ខ្លួន ជនជាតិវៀតណាមទាំង២៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យ និងអនុវត្តបន្តតាមនីតិវិធី៕