(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ដែលទើបតែត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀល ថ្ងៃទី០៥ ខែមេសានេះ បានឲ្យដឹងថា លោកនឹងជំរុញ និងកែលំអរបបទំនាក់ទំនង និងសន្ទនាជាមួយបេសកកម្មទូតនានាដើម្បី បង្កើនការយោគយល់គ្នា រឹតចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀត។

នេះគឺជាការលើកឡើងរបស់ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងពិធីប្រគល់ និងផ្ទេរតំណែង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស នៅរសៀលនេះ ។

លោក ប្រាក់ សុខុន បានឲ្យដឹងថា «ការងារការទូតរបស់យើង គឺដើរតួនាទីសំខាន់នៅក្នុងការការពារមុខមាត់ កេរ្តិ៍ឈ្មោះ របស់ប្រទេសជាតិ។ យើងនឹងជំរុញ និងកែលំអរបបទំនាក់ទំនង និងសន្ទនាជាមួយបេសកកម្មនានាដើម្បីបង្កើនការយោគយល់គ្នា រឹតចំណងទាក់ទង មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀត។ ស្ថានទូត ស្ថានតំណាងរបស់យើង ត្រូវដើរតួនាទីជាកំលាំងជួរមុខ ហើយគប្បីមានមធ្យោបាយ និងធនធានមនុស្ស ដើម្បីសម្រេចកិច្ចការទូតទាំងនោះឲ្យមានលក្ខណៈកាន់តែសកម្ម»

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្មីស្រឡាងរូបនេះ បានអរគុណដល់សម្តេច ហ៊ុន សែន ដែលបានផ្តល់នូវ កិត្តិយសជួយសម្តេច និងបំរើប្រទេសក្នុងការដឹកនាំកិច្ចការទូតរបស់ប្រទេសជាតិ។ លោកថា លោកនឹងបន្តតំណែង ពីលោក ហោ ណាំហុង ក្នុងការដឹកនាំក្រសួងនេះ ដោយការខិតខំប្រឹងប្រែង គួបផ្សំនិរន្តភាពជាមួយនឹងការផ្លាស់ប្តូរ។

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន បានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាផ្លូវការ ក្រោយពីមាន ការប្រកាស និងប្រគល់ត្រា ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕