(ភ្នំពេញ)៖ បើទោះបីត្រូវបានបញ្ចប់តួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅហើយក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្តេជ្ញាថា រូបលោកនៅតែបម្រើជាតិ និងបក្សគ្រប់កាលៈទេសៈ ដរាបណារូបនៅមានកម្លាំងកាយ និង លទ្ធភាព។

ក្នុងថ្ងៃផ្ទេរចេញពីតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស ដែលបានគ្រប់គ្រងអស់រយៈពេល ១៨ឆ្នាំ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ លោក ហោ ណាំហុង បានថ្លែងថា ក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ លោកបានខិតខំអស់ពីកម្លាំងកាយ និងស្មារតីបម្រើជាតិ និងបក្ស បំពេញភារកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រគល់ឲ្យ ដោយពុំបានធ្វើអ្វីប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងបក្សនោះឡើយ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលតែងបានយោគយល់ អនុគ្រោះ និងណែនាំរូបលោកដោយផ្ទាល់ ក្នុងការបំពេញភារកិច្ចផ្សេងៗ រយៈពេល ៣៧ឆ្នាំមកនេះ។ លោក ហោ ណាំហុង រំពឹងថា រូបលោកនឹងបន្តទទួលបានការណែនាំ ប្រកបដោយសុភនិច្ឆ័យបន្តទៀតពីសម្តេចតេជោ ហ៊ុន សែន៕