(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាមេធាវីផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញមកប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលថាថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ គួរមានសញ្ជាតិខ្មែរតែមួយគត់ ហើយបានអះអាងថា ក្នុងនាមជាអ្នកបម្រើការងារឲ្យសម្ដេចអស់ប្រមាណជិត២០ឆ្នាំ ដោយមិនដែលបានលឺ មិនដែលបានឃើញ សម្ដេចតេជោ រុញរាក្នុងការបំពេញតួនាទី និងកាតព្វកិច្ចការពារជាតិ និងប្រជាជនម្ដងណាឡើយ។

លោក គី តិច តាមរយៈបណ្ដាញព័ត៌មាន Fresh News បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បម្រើការងារជាមេធាវីរបស់សម្តេច ជិត២០ឆ្នាំមកហើយ, ខ្ញុំមិនដែលឮ មិនដែលឃើញថា សម្តេចតេជោ រុញរាក្នុងការបំពេញតួនាទី និងកាតព្វកិច្ចការពារជាតិ និងប្រជាជនរបស់សម្តេចម្តងណាឡើយ។ សម្តេចតេជោ បានលះបង់គ្រប់យ៉ាង មិនគិតដល់អាយុជីវិត សម្តេចជាវីរៈបុរសស្នេហាជាតិពិតប្រាកដ ដែលរូបខ្ញុំស្ម័គ្រចិត្តបម្រើការងារជូនសម្តេចអស់មួយជីវិត និងក៏ដូចជាប្រជាជនកម្ពុជាភាគច្រើនលើសលប់ កំពុងរស់នៅដោយសុខសាន្ត និងសុខសន្តិភាព»

លោក គី តិច បានបញ្ជាក់ថា៖ ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប លោកសូមគាំទ្រទាំងស្រុងនូវសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ គួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ព្រោះថា អ្នកនយោបាយដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»