(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន -អង្គការសហប្រជាជាតិ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម។

លោកឧបនាយករដ្ឋមន្រ្តី ព្រមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត នឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

កិច្ចប្រជុំ នឹងពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ពិសេសការអនុវត្តផែនការសកម្មភាពនៃសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ឆ្នាំ២០២១-២០២៥។

កិច្ចប្រជុំក៏នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយពិចារណាទៅលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានសារៈសំខាន់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕